(ប៉េកាំង)៖ ថ្មីៗកន្លងទៅនេះ ប្រព័ន្ធសារព័ត៌មានពិភពលោក បានផ្សាយជាញឹកញាប់ថា ភ្ញៀវទេសចរបរទេសចំនួន កាន់តែច្រើនបានជ្រើសរើស ប្រទេសចិនជាគោលដៅទេសចរណ៍។ កម្លាំងចលករនៅពីក្រោយនេះ គឺចិនបានបន្តកែសម្រួល សេវាហេដ្ឋារចនាសម្ព័ន្ធនិងសេវាអ៊ីធើណេត សម្រាប់ជនបរទេសឱ្យប្រើកាន់តែងាយស្រួល ហើយគោលនយោបាយពាក់ព័ន្ធ ក៏បានពង្រីកបន្ថែម។ បច្ចុប្បន្ន ប្រទេសចិនបានអនុវត្តគោលនយោបាយ លើកលែងទិដ្ឋាការរយៈពេល ១៤៤ ម៉ោងក្នុងច្រកព្រំដែនចំនួន ៣៧ កន្លែង ដែលពលរដ្ឋប្រទេសចំនួន៥៤ អាចចូលដែនចិនធ្វើទេសចរចម្ងាយខ្លី ធ្វើពាណិជ្ជកម្ម បំពេញទស្សនកិច្ច ជួបជុំញាតិមិត្តជាដើម។ ក្នុងចំណោមច្រកព្រំដែនលើកលែងទិដ្ឋការទាំងនេះ មានច្រក២កន្លែង ស្ថិតក្នុងក្រុងសៀមិន ខេត្តហុកគៀន។

ក្រុងសៀកមិនជាតំបន់សេដ្ឋកិច្ចពិសេសមួយរបស់ប្រទេសចិន និងជាទីក្រុងទេសចរណ៍ល្បីដែលទទួលបាន រង្វាន់សម្រាប់ប្រជាជនស្នាក់នៅ បានល្អពីអង្គការសហប្រជាជាតិ ( UN Habitat Scroll of Honour) ដែលទទួលភ្ញៀវទេសចរជាតិនិងអន្តរជាតិ ១០០ លាននាក់ជាមធ្យមក្នុងរៀងរាល់ឆ្នាំ។

ប្រទេសចិនមានតំបន់សេដ្ឋកិច្ចពិសេសចំនួន៧ ដែលស្ថិតនៅខេត្តក្វាំងតុង ខេត្តហុកគៀន ខេត្តហៃណាន និងភូមិភាគជនជាតិវៃវូលស៊ីនជាំង ដែលមានទេសភាពធម្មជាតិ និងមនុស្សធម៌ខុសគ្នា ប្រកបដោយលក្ខណៈពិសេសរៀងៗខ្លួន ហើយរដ្ឋបាលបានដាក់ចេញវិធានការផ្តល់ ភាពងាយស្រួលដល់ការរស់នៅរបស់ប្រជាជន បានទាក់ទាញភ្ញៀវទេសចរគ្រប់ទិសទី លើពិភពលោកមកដើរលេងកម្សាន្ត។ ឆមាសទីមួយឆ្នាំ២០២៤ តំបន់ស៊ីនជាំងបានទទួលភ្ញៀវទេសចរអន្តរជាតិ ចំនួនលើសពី ២២៩ម៉ឺននាក់ ប្រាក់ចំណូលខាងទេសចរណ៍អន្តរជាតិមានទំហំ ១៧៦៨ លានដុល្លារអាមេរិក។

សូមបញ្ជាក់ថា “អាថ៍កំបាំងនៃភាពស្រស់ស្អាត” នៃតំបន់សេដ្ឋកិច្ចពិសេសរបស់ប្រទេសចិន កើតចេញមកពីគំនិតដែលហៅថា «គូរប្លង់មួយរហូតដល់ទីបញ្ចប់» ដែលជាខ្លឹមសារមួយនៃគំនិតធ្វើអភិបាលកិច្ចរបស់លោក Xi Jinping មេដឹកនាំកំពូលបក្សនិងរដ្ឋចិន។ កិច្ចប្រជុំពេញអង្គលើកទី៣ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០ ដែលទើបបិទបញ្ចប់ដោយជោគជ័យនាពេលថ្មីៗនេះបានកំណត់ផែនទីមេនៃការធ្វើឱ្យស៊ីជម្រៅថែមទៀតនូវកំណែទម្រង់ដោយគ្រប់ជ្រុងជ្រោយនិងការធ្វើទំនើបកម្មតាមបែបផែនចិន ដោយលើកឡើងថា ប្រទេសចិននឹងផ្តោតសំខាន់លើការលើកកម្ពស់ គុណភាពនៃជីវភាពរស់នៅរបស់ប្រជាជន និងការកសាងប្រទេសចិនដ៏ស្រស់ស្អាត កែសម្រួលប្រព័ន្ធគ្រប់គ្រងបរិស្ថានអេកូឡូស៊ី ដើម្បីជំរុញការរួមរស់នៅដោយសុខុមាលភាព រវាងមនុស្សជាតិនិងធម្មជាតិ៕

វិទ្យុមិត្តភាពកម្ពុជាចិន