(រ៉ូម)៖ ក្រុមហ៊ុនប្រតិបត្តិការអាកាសយានដ្ឋានបាននិយាយថា ជើងហោះហើរដែលធ្វើដំណើរទៅកាន់ទីក្រុង Catania ភាគខាងកើតកោះ Sicily ត្រូវបានផ្អាកស្ទើរពេញមួយថ្ងៃ នៅថ្ងៃអង្គារនេះ បន្ទាប់ពីមានការផ្ទុះភ្នំ Etna ដែលនៅក្បែរនោះ ដែលនាំមកនូវភាពលំបាកដល់ការធ្វើដំណើរ ក្នុងអំឡុងពេលរដូវក្តៅដែលមានភ្ញៀវទេសចរច្រើន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៣ ខែកក្កដា ឆ្នាំ ២០២៤។

ក្រុមហ៊ុនគ្រប់គ្រងអាកាសយានដ្ឋាន Catania-Fontanarossa បាននិយាយថា ប្រតិបត្តិការអាកាសយានដ្ឋាននឹងត្រូវផ្អាករហូតដល់ម៉ោង ៦ល្ងាច (ម៉ោងក្នុងតំបន់)។ រីឯប្រតិបត្តិការសម្អាតបានចាប់ផ្តើម នៅពេលដែលមានសញ្ញាដំបូងថាផេះបានឈប់ធ្លាក់ ខណៈដែលប្រតិបត្តិការសម្អាតយន្តហោះដែលមានផេះភ្នំភ្លើង ក៏កំពុងដំណើរការផងដែរ។

គួរបញ្ជាក់ថា ភ្នំ Etna ដែលជាភ្នំភ្លើងមួយក្នុងចំណោមភ្នំភ្លើងសកម្មបំផុតរបស់ពិភពលោក បានឃើញសកម្មភាពខ្លាំងក្លា ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ដោយបានបញ្ចេញផេះក្តៅ និងកម្អែភ្នំភ្លើង។

អាកាសយានដ្ឋាន Catania ត្រូវបានបិទម្តងរួចហើយ កាលពីដើមខែនេះ ដោយសារតែផេះនៅលើមេឃ។ អាកាសយានដ្ឋាននេះ ទទួលបានជើងហោះហើរ និងអ្នកដំណើរច្រើនជាងអាកាសយានដ្ឋាននៅ Palermo ដែលជារដ្ឋធានីនៃតំបន់ Sicily ទៅទៀត៕