(តាលិន)៖ នាយករដ្ឋមន្រ្តី លោក Kirsten Michal បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ក្នុងបទសម្ភាសន៍មួយ កាលពីថ្ងៃអង្គារសប្តាហ៍នេះថា រដ្ឋាភិបាលថ្មីនៃប្រទេសអេស្តូនី នឹងបន្តគាំទ្រអ៊ុយក្រែនរហូតទទូលបានជ័យជម្នះ ក្នុងសង្រ្គាមជាមួយរុស្ស៉ី ហើយសន្យាបន្តរួមគ្នាដោះស្រាយបញ្ហាជាមួយរដ្ឋាភិបាលមុន។ នេះបើយោងតាមការចេញផ្សាយនៅថ្ងៃពុធ ទី២៤ ខែកក្កដា ឆ្នាំ ២០២៤។

លោក Michal អាយុ ៤៩ឆ្នាំដែលមកជំនួសតំណែងនាយករដ្ឋមន្រ្តីរបស់ លោកស្រី Kaja Kallas ត្រូវបានគេស្គាល់ថាជាអ្នករិះគន់រុស្ស៉ីឥតសំចៃ និងគាំទ្រសមាជិកភាពអ៊ុយក្រែនក្នុងសហភាពអឺរ៉ុប ក៏ដូចជាក្នុងអង្គការណាតូ។ លោកបានប្រាប់ Reuters ក្រោយការស្បថចូលកាន់តំណែង យ៉ាងដូច្នេះថា «យើងនឹងគាំទ្រអ៊ុយក្រែន រហូតដល់អ៊ុយក្រែនឈ្នះសង្រ្គាម ជាការគាំទ្ររយៈពេលវែង ហើយសង្ឃឹមថាសម្ព័ន្ធនានានឹងធ្វើដូចគ្នាដែរ»។ លោកបន្ថែមថា «នេះជាសារទៅកាន់សត្រូវ អេស្តូនី មានត្រៀមខ្លួនការពារយ៉ាងល្អ ហើយនឹងបង្កើនការចំណាយលើវិស័យការពារជាតិផងដែរ»។

គួរបញ្ជាក់ថា ក្នុងជំនួបតាមទូរស័ព្ទនៅថ្ងៃពុធនេះ លោក Volodymyr Zelenskiy ប្រធានាធិបតីអ៊ុយក្រែន បានអបអរសារទរចំពោះ លោក Michal និងបង្ហើបឱ្យដឹងថា អេស្តូនីប្តេជ្ញាគាំទ្រអ៊ុយក្រែនជាមួយនិង ០.២៥ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) របស់ខ្លួន៕