(ម៉ានីល)៖ អាជ្ញាធនៅក្នុងប្រទេសហ្វីលីពីន បានឱ្យដឹងថាកប៉ាល់មួយគ្រឿងដឹកប្រេង ១.៤លានលីត្រ បានក្រឡាប់លិចនៅឯឆ្នេរសមុទ្រនៃទីក្រុងម៉ានីល នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែកក្កដា ខណៈពួកគេកំពុងប្រឹងប្រែងគ្រប់គ្រងប្រេងរសាត់អណ្តែត។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនហ្វីលីពីន លោក Jaime Bautista បានគូសបញ្ជាក់ក្នុងសន្និសីទសារព័ត៌មានខ្លីមួយថាក្រុមអ្នកជួយសង្រ្គោះបានសង្រ្គោះមនុស្ស១៦នាក់ ក្នុងចំណោម នាវិក១៧នាក់ ហើយមនុស្សម្នាក់បានបាត់ខ្លួន។ ប៉ុន្តែលោកបន្ថែមថាខ្យល់បក់ខ្លាំង និងរលកធំៗបាន និងកំពុងរំខានដល់ប្រតិបត្តិការជួយសង្រ្គោះ។

គួរបញ្ជាក់ថា កប៉ាល់ដឹកប្រេងខាងលើបានក្រឡាប់លិចនៅឆ្នេរសមុទ្រនៃទីក្រុងម៉ានីល ស្ថិតនៅចម្ងាយប្រហែលជិត ៧គីឡូម៉ែត្រពីទីក្រុង Limay ខេត្ត Bataan នៅព្រឹក ព្រលឹមថ្ងៃព្រហស្បតិ៍នេះ។ ដោយឡែក ឆ្មាំសមុទ្រហ្វីលីពីនក៏បានឱ្យដឹងដែរថាកប៉ាល់ដឹកប្រេងនេះមានឈ្មោះ MT Terra Nova តែមិនមានទាន់មានការបញ្ជាក់ពីមូលហេតុ ដែលនៅពីក្រោយការលិចកប៉ាល់ដឹកប្រេងនេះនោះទេ៕