(បែរឡាំង)៖ អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz បានកោតសរសើរអនុប្រធានាធិបតីអាមេរិក លោកស្រី Kamala Harris ថាជាអ្នកនយោបាយមានសមត្ថភាព និងបទពិសោធន៍ដែលអាចនឹងយកឈ្នះ ក្នុងការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែកក្កដា ឆ្នាំ ២០២៤។

លោក Scholz មិនធ្លាប់បញ្ចេញមតិឡើយកាលពី លោក Joe Biden មិនទាន់ដកខ្លួនចេញពីការប្រកួតប្រជែងអាណត្តិទីពីររបស់លោក ប៉ុន្តែបានគាំទ្រ លោកស្រី Harris បេក្ខជនតំណាងគណបក្សប្រជាធិបតេយ្យ ឱ្យតតាំងជាមួយ លោក Donald Trump បេក្ខជនតំណាងគណបក្សសាធារណៈរដ្ឋ។ លោក Scholz បានប្រាប់សន្និសីទសារព័ត៌មានមួយថា «យុទ្ធនាការឃោសនាបោះឆ្នោតប្រធានាធិបតី នៅសហរដ្ឋអាមេរិក នឹងកាន់តែគួរឱ្យចង់តាមដាន ហើយឥលូវនេះ គឺមានក្រុមថ្មីជាមួយនិង ក្រុមកំពុងឡើងកូត។ ខ្ញុំគិតថាវាអាចទៅរួច ដែលថាលោកស្រី Harris នឹងឈ្នះឆ្នោត ប៉ុន្តែវាអាស្រ័យលើការសម្រេចចិត្តរបស់ប្រជាជនអាមេរិក»។ លោក Scholz ថាធ្លាប់បានជួបលោកស្រី ​Harris ច្រើនលើក ហើយលោកស្រីគឺជា​អ្នក​នយោបាយ​មួយរូប ដែលដឹងពីអ្វីដែលខ្លួនចង់បាន និងអ្វីដែលខ្លួនអាចធ្វើបាន។

គួរបញ្ជាក់ថា អ្នកនយោបាយជាច្រើននៅអាល្លឺម៉ង់ មានការព្រួយបារម្ភថា លោក Trump អាចនឹងដំឡើងពន្ធនាំចូល ប្រសិនបើលោកវិលមកគ្រប់គ្រងសេតវិមានជាថ្មី ហើយលើកជាសំណួរអំពីការគាំទ្ររបស់សហរដ្ឋអាមេរិក ចំពោះសម្ព័ន្ធមិត្តណាតូ។ អាល្លឺម៉ង់ ក៏ជាបញ្ហាដែល លោក Trump តែងតែផ្តោតផងដែរ កាលពីអំឡុងអាណត្តិដំបូងរបស់លោក ដោយសារតែអតិរេកពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក និងការចំណាយទាបលើវិស័យការពារជាតិ៕