(បែរឡាំង)៖ កាលពីថ្ងៃពុធសប្តាហ៍នេះ ចក្រភពអង់គ្លេស និងអាល្លឺម៉ង បានចុះហត្ថលេខាលើសេចក្តីប្រកាសការពារជាតិរួមគ្នាមួយ ដោយសន្យាធ្វើការយ៉ាងជិតស្និទ្ធថែមទៀតដើម្បីពង្រឹងឧស្សាហកម្មការពាររបស់ពួកគេ ពង្រឹងសន្តិសុខអឺរ៉ុប ក៏ដូចជាគាំទ្រអ៊ុយក្រែនប្រយុទ្ធប្រឆាំងនឹងរុស្ស៉ី។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែកក្កដា ឆ្នាំ ២០២៤។

រដ្ឋមន្រ្តីការពារជាតិអង់គ្លេស លោក John Healey បានចុះកិច្ចព្រមព្រៀងនេះ នៅក្នុងទីក្រុងបែរឡាំង ជាទីដែលលោកបានជួបសមភាគីអាល្លឺម៉ង់ លោក Boris Pistorius។ នេះជាផ្នែកមួយដំណើរទស្សនកិច្ចរយៈពេល ២ថ្ងៃរបស់ លោក Healey ដែលរួមមានការឈប់សម្រាកនៅបារាំង ប៉ូឡូញ និងអេស្តូនី ខណៈដែលលោកបានកំណត់ពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលថ្មី លើការពង្រឹងទំនាក់ទំនងការពារជាតិជាមួយសម្ព័ន្ធមិត្តនៅក្នុងសហភាពអឺរ៉ុប។ លោក Healey បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍មួយថា «ដំណើរទស្សនកិច្ចទាំងនេះជាសារយ៉ាងច្បាស់ថា សន្តិសុខអឺរ៉ុបនឹងក្លាយជាកិច្ចការការបរទេសអាទិភាព និងកិច្ចការពារជាតិដំបូងគេក្នុងអាណត្តិរដ្ឋាភិបាលថ្មី។ សេចក្តីប្រការការពារជាតិរួមគ្នា រវាងចក្រភពអង់គ្លេស និងអាល្លឺម៉ង់នឹង​ចាប់ផ្តើម​បែបស៉ីជម្រៅ​ ជាទំនាក់ទំនងការពារជាតិថ្មីមួយ ដែល​ត្រូវបាន​បង្កើតឡើង​ដោយការផ្តល់តម្លៃឱ្យគ្នាទៅវិញទៅមក»​។

គួរបញ្ជាក់ថា តាមសេចក្តីប្រកាសការពារជាតិរួមគ្នា ចក្រភពអង់គ្លេស-អាល្លឺម៉ង់ នឹងសម្លឹងមើលលើការថែទាំមូលដ្ឋានឧស្សាហកម្មការពារជាតិនៅអឺរ៉ុប ជំរុញគំនិតផ្តួចផ្តើមលទ្ធកម្មរួមគ្នា ក៏ដូចជាធ្វើការរួមគ្នាលើការស្រាវជ្រាវ និងអភិវឌ្ឍន៍ ដើម្បីកែលម្អផលិតកម្ម និងភាពច្នៃប្រឌិត។ នាយករដ្ឋមន្ត្រី លោក Keir Starmer ចង់ឱ្យចក្រភពអង់គ្លេស ធ្វើឱ្យកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខជាមួយសម្ព័ន្ធមិត្តអឺរ៉ុបមានលក្ខណៈល្អជាងមុន ដើម្បីអាចគាំទ្រអ៊ុយក្រែនបានកាន់តែប្រសើរ ដោយនេះជាសារនយោបាយមួយដែលលោករំលឹកឡើងវិញ ក្នុងកិច្ចប្រជុំនៃសហគមន៍នយោបាយអឺរ៉ុប កាលពីសប្តាហ៍មុន៕