(អាំស្ទែដាំ)៖ ក្រសួងការពារជាតិនៃប្រទេសហូឡង់ បានប្រកាសនៅថ្ងៃព្រហស្បតិ៍នេះថា ហូឡង់ និងដាណឺម៉ាកត្រៀមរួចរាល់ហើយ ក្នុងការបញ្ជូនរថក្រោះប្រយុទ្ធ Leopard 2 ចំនួន ១៤គ្រឿងទៅកាន់អ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែកក្កដា ឆ្នាំ ២០២៤។

ដោយមិនផ្តល់កាលបរិច្ឆេទត្រូវបញ្ជូនទៅ ក្រសួងការពារជាតិហូឡង់គ្រាន់តែថា រថក្រោះដែលត្រូវបានពិនិត្យឡើងវិញ ដោយក្រុមហ៊ុនអាវុធអាល្លឺម៉ង់ Rheinmetall និងឆ្លងកាត់ការសាកល្បងប៉ុន្មានខែមក ឥលូវនេះរួចរាល់ហើយ សម្រាប់ការចែកចាយនៅចុងរដូវក្តៅ។ ក្រសួងបានបញ្ជាក់ថា «រថក្រោះ Leopard 2A4 អាចជួយអ៊ុយក្រែន មានភាពរីកចម្រើនក្នុងសមរភូមិ ហើយវាមានកម្លាំងបាញ់ខ្លាំងក្លា ផ្តល់ការការពារដ៏ល្អដល់ក្រុមអ្នកបើកបរ ជាមួយនិងល្បឿនលឿន»

គួរបញ្ជាក់ថា កាលពីខែមេសាកន្លងទៅ ហូឡង់ និងដាណឺម៉ាក បានឱ្យដឹងថា ខ្លួននឹងទិញរថក្រោះពីភាគីទី ៣ ហើយគឺដើម្បីបញ្ជូនទៅកាន់សមរភូមិប្រយុទ្ធនៅអ៊ុយក្រែន៕