(ប៉េកាំង)៖ ថ្ងៃទី ២៣ ខែកក្កដា នៅក្រុងប៉េកាំង បុព្វហេតុរំដោះប៉ាឡេស្ទីនទទួលបានវេលាគន្លឹះជាប្រវត្តិសាស្ត្រ ពោលគឺឆ្លងតាមរយៈកិច្ចសន្ទនាផ្សះផ្សាគ្នាផ្ទៃក្នុង របស់ប៉ាឡេស្ទីនរយៈពេល៣ថ្ងៃ បក្សពួកចំនួន ១៤នៃប៉ាឡេស្ទីន បានចុះហត្ថលេខារួមគ្នា លើ «សេចក្តីប្រកាសទីក្រុងប៉េកាំងស្តីពីការបញ្ចប់ការបែកបាក់ និងពង្រឹងការរួបរួមសាមគ្គីគ្នា នៃប្រជាជាតិប៉ាឡេស្ទីន»។ សេចក្តីប្រកាសនេះបានកំណត់យ៉ាងច្បាស់លាស់ថា អង្គការរំដោះប៉ាឡេស្ទីន ជាតំណាងស្របច្បាប់តែមួយគត់ របស់ប្រជាជនប៉ាឡេស្ទីន ព្រមទាំងបានឈានដល់គំនិតឯកភាពគ្នា អំពីការគ្រប់គ្រងតំបន់ហ្កាហ្សា បន្ទាប់ពីបញ្ចប់សង្គ្រាម និងការបង្កើតរដ្ឋាភិបាលផ្សះផ្សាជាតិ ជាបណ្តោះអាសន្ន។

ការផ្សះផ្សាលើកនេះ គឺបានមកដោយមិនងាយទេ វាគឺជាជំហានដ៏សំខាន់មួយ ក្នុងការសម្រេចបាន នូវសន្តិភាពនៅមជ្ឈិមបូព៌ា។ ថ្លែងក្នុងសុន្ទរកថា លោក Mahmad Alul ប្រធានគណៈប្រតិភូអង្គការ Fatah និងលោក Mussa Abu Marzuk ប្រធានគណៈប្រតិភូអង្គការហាម៉ាស់ បានតំណាងឱ្យបក្សពួកនានានៃប៉ាឡេស្ទីន សូមថ្លែងអំណរគុណដល់ប្រទេសចិន ដែលបានផ្តល់ការគាំទ្រយ៉ាងមុតមាំ និងជំនួយឧបត្ថម្ភដោយមិនគិតពីប្រយោជន៍ផ្ទាល់ខ្លួន ដល់ប៉ាឡេស្ទីនក្នុងរយៈពេល ជាយូរកន្លងមក ហើយបានកោតសរសើរខ្ពស់ចំពោះប្រទេសចិន ដែលបានប្រកាន់ខ្ជាប់ភាពយុត្តិធម៌ និងសច្ចធម៌ក្នុងបញ្ហាប៉ាឡេស្ទីន នៅលើឆាកអន្តរជាតិ។ ស្ថានីយទូរទស្សន៍Al Arabiya នៃប្រទេសអារ៉ាប៊ីសាអូឌីត បានធ្វើការអត្ថាធិប្បាយថា កិច្ចការទូតរបស់ប្រទេសចិន បានបង្ហាញឱ្យឃើញនូវកាតព្វកិច្ច និងទំនួលខុសត្រូវដែលគួរឱ្យកត់សម្គាល់ និងគួរឱ្យស្ងើចសរសើរ។

លើកនេះ តំណាងបក្សពួកចំនួន ១៤ ទាំងអស់នៅផ្ទៃក្នុងប៉ាឡេស្ទីន បានជួបជុំគ្នាជាលើកដំបូងនៅក្រុងប៉េកាំង ដើម្បីធ្វើកិច្ចសន្ទនាផ្សះផ្សាជាតិ ការនេះបានបង្ហាញឱ្យឃើញថា ក្រោមការសម្រុះសម្រួលរបស់ប្រទេសចិន បក្សពួកនានារបស់ប៉ាឡេស្ទីនសុទ្ធតែបានប្រកាន់ខ្ជាប់ គោលជំហរប្រកបដោយវិចារណញ្ញាណ ហើយបានឈានដល់ គំនិតឯកភាពរួមថ្មី ពោលគឺ អនុលោមតាមសេចក្តីសម្រេចចិត្ត ពាក់ព័ន្ធរបស់អង្គការសហប្រជាជាតិ ដើម្បីបង្កើតរដ្ឋប៉ាឡេស្ទីនដ៏ឯករាជ្យ ដែលចាត់ទុកក្រុងហ្សេរុយសាឡិមជារដ្ឋធានី។

អ៊ីចឹង ហេតុអ្វីបានជាបក្សពួកនានារបស់ប៉ាឡេស្ទីន អាចឈានដល់ការផ្សះផ្សានៅក្រុងប៉េកាំង ? នេះគឺដោយមកពី ក្នុងបញ្ហាប៉ាឡេស្ទីន ប្រទេសចិនមិនដែលគិតពី ផលប្រយោជន៍ផ្ទាល់ខ្លួនទេ និងបានឈរនៅម្ខាងនៃសន្តិភាព និងឈរនៅម្ខាងនៃគុណធម៌របស់មនុស្សជាតិជាប់រហូត។ តាំងពីការប៉ះទង្គិចរវាងប៉ាឡេស្ទីននិងអ៊ីស្រាអែលជុំថ្មី បានផ្ទុះឡើងកាលពីខែតុលាឆ្នាំ២០២៣ លោក Xi Jinping ប្រធានរដ្ឋចិនបានអធិប្បាយពីគោលជំហរ និងគំនិតផ្តួចផ្តើមរបស់ប្រទេសចិន ជាច្រើនលើក ដោយអំពាវនាវឱ្យបញ្ឈប់សង្គ្រាមភ្លាម ហើយបានគូសបញ្ជាក់ថា ច្រកចេញពីឫសគល់គឺការអនុវត្ត“ដំណោះស្រាយរដ្ឋពីរ” ក្នុងន័យជំរុញឱ្យបញ្ហាប៉ាឡេស្ទីនត្រូវបានដោះស្រាយ ក្នុងពេលឆាប់ៗដោយគ្រប់ជ្រុងជ្រោយ ប្រកបដោយភាពយុត្តិធម៌និងយូរអង្វែង។

តាមពិតទៅ ចាប់ពីអារ៉ាប៊ីសាអូឌីតនិងអ៊ីរ៉ង់ បានចាប់ដៃគ្នានៅក្រុងប៉េកាំងកាលពីឆ្នាំមុន រហូតដល់បក្សពួកនានារបស់ប៉ាឡេស្ទីន បានចុះហត្ថលេខាលើ «សេក្តីប្រកាសក្រុងប៉េកាំង» ការផ្សះផ្សាទាំងពីរលើក ដែលបានសារសំខាន់ចំពោះតំបន់មជ្ឈិមបូព៌ា សុទ្ធតែបានបញ្ជាក់ថា ជានិច្ចកាល ប្រទេសចិនតែងតែផ្តល់ជំនួយដល់សន្តិភាព និងការអភិវឌ្ឍរបស់តំបន់មជ្ឈិមបូព៌ា យ៉ាងប្រាកដប្រជា គឺជាមិត្តស្មោះត្រង់និងអាចជឿទុកចិត្តបាន របស់ប្រទេសអារ៉ាប់។ ដូច្នេះហើយបានជា ការសម្រុះសម្រួល របស់ចិនអាចប្រែ «ភារកិច្ចដែលគ្រប់ភាគីយល់ឃើញថា មិនអាចទៅរួច» ក្លាយទៅជា «លទ្ធផលសន្តិភាព»

ការចុះហត្ថលេខាលើ ​«សេក្តីប្រកាសក្រុងប៉េកាំង» លើកនេះបានបញ្ចេញសញ្ញាយ៉ាងច្បាស់ ទៅកាន់សហគមន៍អន្តរជាតិថា ៖ ប្រជាជនប៉ាឡេស្ទីនសង្ឃឹមឱ្យបញ្ចប់ការប៉ះទង្គិចផ្ទៃក្នុង និងបង្កើតរដ្ឋឯករាជ្យដែលបង្រួបបង្រួមគ្នា បក្សពួកនានារបស់ប៉ាឡេស្ទីន បានសម្គាល់ឃើញថា មានតែប្រើប្រាស់សំឡេងតែមួយ ទើបអាចបញ្ចេញសំឡេងយុត្តិធម៌លាន់ឮកាន់តែខ្លាំង មានតែចាប់ដៃ និងប្រកៀកស្មាឆ្ពោះទៅមុខ ទើបអាចធ្វើឱ្យបុព្វហេតុផ្សះផ្សាជាតិ ទទួលបានជោជ័យ។

ជាការពិតណាស់ ការខ្វែងគំនិតគ្នារវាងបក្សពួកនានាផ្ទៃក្នុងប៉ាឡេស្ទីន មិនអាចដោះស្រាយឱ្យបានភ្លាមៗឡើយ នៅពេលអនាគត បក្សពួកនានាប្រហែលនឹងប្រឈមមុខនឹង ការសាកល្បងមួយចំនួនក្នុងការអនុវត្តជាក់ស្តែងនូវ «សេចក្តីប្រកាសក្រុងប៉េកាំង»។ នៅពេលអនាគត ប្រទេសចិននឹងបន្តធ្វើកិច្ចខិតខំប្រឹងប្រែង ដើម្បីស្វែងរកសន្តិភាពនិងយុត្តិធម៌ ដ៏ដូចជាធ្វើកិច្ចខិតខំ ប្រឹងប្រែងឥតស្រាកស្រាន្ត ដើម្បីជំរុញដំណើរសន្តិភាព រវាងប៉ាឡេស្ទីននិងអ៊ីស្រាអែល៕

វិទ្យុមិត្តភាពកម្ពុជាចិន