(ស៉ីដនី)៖ ប្រទេសអូស្រ្តាលី នៅថ្ងៃព្រហស្បតិ៍នេះ បានដាក់ទណ្ឌកម្មហិរញ្ញវត្ថុ និងហាមឃាត់ការធ្វើដំណើរ សម្រាប់អ្នកតាំងលំនៅជនជាតិអ៉ីស្រាអែលចំនួន ៧នាក់ និងយុវជនមួយក្រុម ដោយលើកឡើងថា ពួកគេពាក់ព័ន្ធនឹងអំពើហិង្សា ប្រឆាំងជនជាតិប៉ាឡេស្ទីន នៅឯតំបន់ West Bank។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែកក្កដា ឆ្នាំ ២០២៤។

រដ្ឋមន្រ្តីការបរទេសអូស្រ្តាលី លោកស្រី Penny Wong បានឱ្យដឹងថា ក្រុមមួយគឺជាអ្នកទទួលខុសត្រូវចំពោះការញុះញង់ និងប្រព្រឹត្តអំពើហិង្សាប្រឆាំងប៉ាឡេស្ទីន ខណៈដែលអ្នកតាំងលំនៅមួយចំនួនទៀតពាក់ព័ន្ធនឹងការវាយដំ ការរំលោភបំពានផ្លូវភេទ និងការធ្វើទារុណកម្ម ហើយករណីខ្លះមានរហូតដល់ស្លាប់។ លោកស្រី Wong គូសបញ្ជាក់ថា «យើងអំពាវនាវដល់អ៉ីស្រាអែល ឱ្យបញ្ឈប់ក្រុមអ្នកតាំងលំនៅពីការប្រព្រឹត្តអំពើហិង្សា និងបញ្ចប់សកម្មភាពតាំងលំនៅដែលបង្កតែភាពតានតឹង ប៉ះពាល់ដល់ស្ថិរភាព និងការរំពឹងទុកជុំវិញដំណោះស្រាយរដ្ឋពីរ»។ ជាការឆ្លើយតប ស្ថានទូតអ៉ីស្រាអែលប្រចាំនៅអូស្រ្តាលី បានសម្តែងការថ្កោលទោស ចំពោះសកម្មភាពប្រឆាំងនឹងសហគមន៍ប៉ាឡេស្ទីន ដោយអ្នកនាំពាក្យស្ថានទូតបញ្ជាក់ថា អ៉ីស្រាអែលប្រកាន់ខ្ជាប់នូវច្បាប់ ហើយ​នឹង​ធ្វើ​ការ​ដើម្បី​នាំ​ជនជាតិ​ភាគតិច​ជ្រុល​និយម មកចាត់ការតាមផ្លូវច្បាប់»។

គួរបញ្ជាក់ថា អូស្ត្រាលី​ ចាត់​ទុក​ការ​តាំង​លំនៅ​របស់​អ៉ីស្រាអែល ​នៅ​ក្នុង​ដែនដី​ប៉ាឡេស្ទីន ជាការកាន់កាប់​​ខុសច្បាប់ និង​ជា​ឧបសគ្គ​រារាំងដល់​សន្តិភាព។ ចំណាត់ការ​របស់​រដ្ឋាភិបាល​អូស្ត្រាលី​នាពេលនេះ ធ្វើឡើង​បន្ទាប់ពីចក្រភពអង់គ្លេស សហរដ្ឋអាមេរិក កាណាដា និង​ជប៉ុន​ ក៏បាន​ដាក់ទណ្ឌកម្ម​លើ​អ្នកតាំងលំនៅ​អ៉ីស្រាអែល​មួយចំនួនរួចមកហើយដែរ ដើម្បី​ឆ្លើយតប​នឹង​អំពើហិង្សា​ក្នុងតំបន់ West Bank៕