(វ៉ាស៉ីនតោន)៖ តាមរបាយការណ៍របស់រដ្ឋាភិបាលអាមេរិក កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ មន្ទីរបញ្ចកោណបានរកឃើញមានកំហុស ក្នុងការគណនាលើគ្រាប់រំសេវ មីស៉ីល និងសម្ភារៈផ្សេងទៀត នៅក្នុងកញ្ចប់ជំនួយយោធាដែលត្រូវបានបញ្ជូនទៅឱ្យអ៊ុយក្រែន គិតជាទឹកប្រាក់ ២ពាន់លានដុល្លារ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៦ ខែកក្កដា ឆ្នាំ ២០២៤។

របាយការណ៍ពីការិយាល័យគណនេយ្យភាពរដ្ឋាភិបាល (GAO) ក៏បានបង្ហាញផងដែរថា ក្រសួងការពារជាតិអាមេរិក កំពុងប្រឈមមុខនឹងការកំណត់ភាពត្រឹមត្រូវលើតម្លៃសម្ភារៈយោធា ដែលបានបញ្ជូនទៅកាន់អ៊ុយក្រែន ដោយសារតែការកំណត់និយមន័យមិនច្បាស់លាស់។ បើតាម GAO ការកំណត់និយមន័យមិនច្បាស់លាស់នៃតម្លៃ តាមច្បាប់ស្តីពីជំនួយបរទេស និងអវត្តមាននៃការណែនាំពីតម្លៃជាក់លាក់ ដល់អាជ្ញាធរក្រោមសិទ្ធិអំណាចប្រធានាធិបតី (Presidential Drawdown Authority) នាំឱ្យមានភាពមិនស៉ីសង្វាក់គ្នាក្នុងការចំណាយផ្នែកជំនួយយោធា ដែលត្រូវរាយការណ៍។ ដូច្នេះ GAO ស្នើឱ្យសភា បញ្ជាក់ពីនិយមន័យនៃការកំណត់តម្លៃ ក្នុងពេលចេញផ្សាយអត្ថបទការពារជាតិ ដែលត្រួតត្រូវពិនិត្យដោយ Presidential Drawdown Authority។

គួរបញ្ជាក់ថា កំហុសថ្មីនេះ នឹងធ្វើឱ្យការបញ្ជូនសម្ភារៈយោធាដែលមានតម្លៃមិនត្រឹមត្រូវ​ ទៅកាន់ប្រទេសអ៊ុយក្រែន កើនឡើងដល់ចំនួនសរុបគិតជាទឹកប្រាក់ ៨.២ពាន់លានដុល្លារ៕