(ព្រុចសែល)៖ ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប (EU) លោក Josep Borrell កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានជំរុញឱ្យអ៉ីស្រាអែល លុបចោលការសម្រេចចាត់ទុកទីភ្នាក់ងារជួយសង្រ្គោះ និងការងារសម្រាប់ប៉ាឡេស្ទីន (UNRWA) ជាអង្គការក្រៅច្បាប់ ដោយនិយាយថា វាមិនសមហេតុផល។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៦ ខែកក្កដា ឆ្នាំ ២០២៤។

លោក Borrell បានបង្ហោះសារនៅលើបណ្តាញសង្គម X យ៉ាងដូច្នេះថា «ការចាត់ទុក UNRWA ជាអង្គការក្រៅច្បាប់ ហើយចង់ដាក់ឈ្មោះឱ្យថា ជាអង្គការភេរវករ ទាំងដែលវាមិនមែនជាការពិតផងនោះ គឺនឹងប៉ះពាល់ទៅដល់ស្ថិរភាពក្នុងតំបន់ សេចក្តីថ្លៃថ្នូររបស់មនុស្សគ្រប់រូប ដែលទទួលបានអត្ថប្រយោជន៍ពីការងាររបស់ទីភ្នាក់ងារ នៃអង្គការសហប្រជាជាតិមួយនេះ។ យើងសូមចូលរួមជាមួយដៃគូជាច្រើនទៀត ជំរុញឱ្យរដ្ឋាភិបាលអ៉ីស្រាអែល បញ្ឈប់ការសម្រេចចិត្តមិនសមហេតុសមផលនោះ»

គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ សភារបស់ប្រទេសអ៉ីស្រាអែល បានអនុម័តជាបឋមលើសេចក្តីព្រាងច្បាប់មួយ ដោយប្រកាសចាត់ទុកថា UNRWA ជាអង្គការភេរវករ ហើយស្នើឱ្យផ្តាច់ទំនាក់ទំនង។ អ្នកនាំពាក្យ UNRWA លោកស្រី Juliette Touma និយាយថា វាជាការប៉ុនប៉ងមួយផ្សេងទៀត ដើម្បីលុបបំបាត់ទីភ្នាក់ងារនេះ ហើយជាចំណាត់ការ​​មិន​ធ្លាប់​មាន​ ក្នុងប្រវត្តិសាស្ត្រ​អង្គការសហប្រជាជាតិ​៕