(ញូវដែលី)៖ នាយករដ្ឋមន្រ្តីឥណ្ឌា លោក Narendra Modi នៅថ្ងៃសុក្រនេះបាននិយាយរិះគន់ទៅលើ ប្រទេសប៉ាគីស្ថាន ជុំវិញអំពើភេវកម្ម និងសង្រ្គាមប្រូស៉ី (proxy war) ឬសង្រ្គាមប្រើតួអង្គតំណាង។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៦ ខែកក្កដា ឆ្នាំ ២០២៤។

ការអត្ថាធិប្បាយរបស់ លោក Modi ធ្វើឡើងក្នុងឱកាសខួបលើកទី ២៥ នៃជម្លោះយោធារយៈពេលខ្លីជាមួយប៉ាគីស្ថាន នៅឯតំបន់ Kargil នៃជួរភ្នំ Himalayan។ លោក Modi និយាយថា ប៉ាគីស្ថាន ធ្លាប់អាម៉ាស់នៅពេលដែលអនុវត្តផែនការ របស់ខ្លួន ប៉ុន្តែមិនបានរៀនអ្វីពីប្រវត្តិសាស្ត្ររបស់ខ្លួនឡើយ។ លោកបញ្ជាក់ថា «ខ្ញុំចង់ប្រាប់អ្នកឧបត្ថម្ភដល់ក្រុមភេរវករទាំងនេះថា ផែនការមិនបរិសុទ្ធរបស់ពួកគេនឹងមិនជោគជ័យទេ...កងកម្លាំងដ៏ក្លាហានរបស់យើងនឹងកម្ចាត់អំពើភេរវកម្ម សត្រូវនឹងទទួលបាន ការឆ្លើយតបយ៉ាងសមស្រប»។ ជុំវិញការអត្ថាធិប្បាយនេះ ក្រសួងការបរទេសប៉ាគីស្ថាន នៅមិនទាន់មានការឆ្លើយតបនោះទេ។

គួរបញ្ជាក់ថា រដ្ឋប្រដាប់ដោយនុយក្លេអ៊ែរនៅអាស៉ី និងជាប្រទេសជិតខាងនឹងគ្នាទាំងពីរនេះ មានទំនាក់ទំនងមិនសូវល្អនោះទេ ហើយអស់រយៈពេលច្រើនទសវត្សរ៍មកហើយ ឥណ្ឌាចោទប្រកាន់ប៉ាគីស្ថាន ថាបានគាំទ្រដល់ក្រុមសកម្មប្រយុទ្ធ ដែលកំពុងប្រយុទ្ធ តតាំងប្រឆាំងការគ្រប់គ្រងរបស់ខ្លួន នៅតំបន់វិវាទ Kashmir។ កន្លងមក ប៉ាគីស្ថានតែបដិសេធការចោទប្រកាន់នេះ ដោយនិយាយថា ខ្លួនគ្រាន់តែផ្តល់ការគាំទ្រផ្នែកការទូត និងកម្លាំងចិត្តដល់ពលរដ្ឋ Kashmir ដែលស្វែងរកការសម្រេចចិត្ត ដោយខ្លួនឯង នៅក្នុងតំបន់ដែលមានអ្នកកាន់សាសនាឥស្លាមភាគច្រើន៕