(វ៉ាស៊ីនតោន)៖ អតីតប្រធានាធិបតីអាមេរិក លោក Barack Obama និងភរិយារបស់លោក គឺលោកស្រី Michelle Obama បានផ្ដល់ការគាំទ្រដល់ អនុប្រធានាធិបតី លោកស្រី Kamala Harris ធ្វើជាបេក្ខជនប្រធានាធិបតីតំណាងឱ្យគណបក្សប្រជាធិបតេយ្យ ដើម្បីប្រកួតប្រជែងជាមួយលោក ដូណាល់ ត្រាំ បេក្ខជនប្រធានាធិបតីបក្សសាធារណរដ្ឋ ក្នុងការបោះឆ្នោតប្រធានាធិបតីនៅខែវិច្ឆិកាខាងមុខ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

នៅក្នុងវីដេអូមួយចេញផ្សាយកាលពីថ្ងៃសុក្រ ទី២៦ ខែកក្កដា នៅបន្ទាប់ពីកិច្ចសន្ទនាតាមទូរស័ព្ទរបស់លោក និងភរិយា ជាមួយលោកស្រី Harris លោក Barack Obama បានគូសបញ្ជាក់ដូច្នេះថា «លោកស្រី Michelle ហើយនិងខ្ញុំពិតជាមានមោទនភាពក្នុងការគាំទ្រអ្នក (លោកស្រី Harris) ហើយនឹងធ្វើអ្វីៗ ដែលយើងអាចធ្វើបាន ដើម្បីជួយអ្នកឱ្យទទួលបានជ័យជម្នះក្លាយជាប្រធានាធិបតី»។ ជាការឆ្លើយតបទៅវិញ លោកស្រី Harris បានអរគុណលោក Obama សម្រាប់ការគាំទ្រ។

គួរបញ្ជាក់ថា បើតាមការស្ទាបស្ទង់របស់ទីភ្នាក់ងារសារព័ត៌មាន Associated Press លោកស្រី Harris ទទួលបានការគាំទ្រភាគច្រើនគ្រប់គ្រាន់ពីប្រតិភូ ដើម្បី ឈ្នះការតែងតាំងជាបេក្ខជនប្រធានាធិបតីជាផ្លូវការតំណាងឱ្យគណបក្សប្រជាធិបតេយ្យ នៅឯសមាជជាតិរបស់បក្សដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៩ ខែសីហា ក្នុងទីក្រុង Chicago៕