(Reuters)៖ នាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក CIA លោក William Burns នឹងត្រូវជួបសមភាគីអ៉ីស្រាអែល និងអេហ្ស៉ីបរបស់លោក ព្រមទាំងនាយករដ្ឋមន្ត្រីនៃប្រទេសកាតា ក្នុងទីក្រុងរ៉ូម ប្រទេសអ៉ីតាលី នៅចុងសប្ដាហ៍នេះ ពាក់ព័ន្ធនឹងបទឈប់បាញ់ហ្កាហ្សា និងការដោះលែងចំណាប់ខ្មាំងដែលកំពុងជាប់ឃុំក្នុងកណ្ដាប់ដៃរបស់ក្រុមហាម៉ាស។ នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ទីភ្នាក់ងាសារព័ត៌មាន Reuters​ ដោយផ្អែកលើប្រភពដែលខ្លួនទទួលបានក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានឱ្យដឹងទៀតថាលោក William Burns នឹងត្រូវជួបជាមួយនាយករដ្ឋមន្ត្រីកាតា ព្រះអង្គម្ចាស់ Sheikh Mohammed bin Abdulrahman Al Thani ព្រមទាំងប្រមុខចារកម្មអ៉ីស្រាអែល និងអេហ្ស៉ីប នៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ។

គួរបញ្ជាក់ថា ព័ត៌មានពីជំនួបខាងលើត្រូវបានរាយការណ៍មុនគេដោយសារព័ត៌មានអាមេរិក Axios។ ប៉ុន្តែខាង CIA មិនបានធ្វើអត្ថាធិប្បាយអ្វីទេ ខណៈព័ត៌មាននេះកើតឡើង ចំពេលអ៉ីស្រាអែល ត្រូវបានរាយការណ៍ថាកំពុងផ្លាស់ប្ដូរផែនការសម្រាប់បទឈប់បាញ់ក្នុងតំបន់ហ្កាហ្សា និងការដោះលែងចំណាប់ខ្មាំងដោយក្រុមហាម៉ាស ដោយអាចនឹងបង្កភាពស្មុគស្មាញដល់ការស្វែងរក កិច្ចព្រមព្រៀងមួយដើម្បីបញ្ឈប់សង្រ្គាមអូសបន្លាយពេលជាង៩ខែមកនេះ ដែលបានផ្ដាច់ជីវិតជនស៊ីវិលប៉ាឡេស្ទីនរាប់ពាន់នាក់ និងបំផ្លិចបំផ្លាញតំបន់ហ្កាហ្សាយ៉ាងហិនហោច៕