(គែរ)៖ រដ្ឋាភិបាលហ្កាហ្សា គ្រប់គ្រងដោយក្រុមហាម៉ាស នៅថ្ងៃសៅរ៍ ទី១០ ខែសីហានេះ បានអះអាងថាជនជាតិប៉ាឡេស្ទីនច្រើនជាង ១០០នាក់ត្រូវបានសម្លាប់ និងរាប់សិបនាក់ រងរបួសនៅក្នុងការវាយប្រហារតាមផ្លូវអាកាសមួយរបស់យោធាអ៉ីស្រាអែល ត្រូវចំសាលារៀនមួយកន្លែងក្នុងទីក្រុងហ្កាហ្សា ជាទីជម្រកជ្រកកោន របស់ជនភៀសខ្លួនពីសង្រ្គាម។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ការិយាល័យប្រព័ន្ធផ្សព្វផ្សាយរបស់ក្រុមហាម៉ាស បានឱ្យដឹងថាការវាយប្រហារតាមផ្លូវអាកាស បានកើតឡើងនៅចំពេលមនុស្សម្នា ដែលរស់នៅជ្រកកោនបណ្ដោះអាសន្ន ក្នុងសាលារៀងខាងលើ កំពុងថ្វាយបង្គំព្រះនៅពេលព្រឹក។ ប៉ុន្តែ ខាងអាជ្ញាធរសុខាភិបាលហ្កាហ្សា មិនទាន់ផ្ដល់ព័ត៌មានលម្អិត អ្វីនោះទេ។ ចំណែក ខាងយោធាអ៉ីស្រាអែលវិញបាននិយាយ ក្នុងសេចក្ដីថ្លែងការណ៍មួយថាកងទ័ពអាកាសរបស់ខ្លួនបានវាយប្រហារដោយកំណត់គោលដៅលើ ទីបញ្ជាការមួយរបស់ក្រុមមេបញ្ជាការហាម៉ាស និងក្រុមសកម្មប្រយុទ្ធហាម៉ាសដែលកំពុងលាក់ខ្លួន។
យោធាអ៉ីស្រាអែលបន្ថែមថាកងកម្លាំងរបស់ខ្លួន បានចាត់វិធានការកាត់បន្ថយហានិភ័យដល់ជនស៊ីវិល ក្នុងនោះរួមមានទាំងការប្រើប្រាស់គ្រាប់បែកកំណត់គោលដៅ ជាក់លាក់ ការស៊ើបការណ៍ពីលើអាកាស និងព័ត៌មានសម្ងាត់។ ប៉ុន្តែ មិនបានធ្វើអត្ថាធិប្បាយអ្វីពាក់ព័ន្ធនឹងតួលេខអ្នកស្លាប់ ឬរងរបួសនោះទេ៕