(សេអ៊ូល)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃសៅរ៍ ទី១០ ខែសីហានេះបានរាយការណ៍ថារដ្ឋាភិបាលកូរ៉េខាងជើង បានសម្រេចឱ្យប្រជាជនរងគ្រោះ ដោយសារទឹកជំនន់ជាង ១៥០០០នាក់ ផ្លាស់ទីលំនៅទៅកាន់ទីក្រុងព្យុងយ៉ាងជាបណ្ដោះអាសន្ន ខណៈមេដឹកនាំលោក គីម ជុងអ៊ុន ទទូចថាការជួសជុលការខូចខាត ឡើងវិញ គឺត្រូវពឹងផ្អែកលើខ្លួនឯង ទោះជាមានការស្នើផ្ដល់ជំនួយពីបរទេសក៏ដោយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
តាម KCNA អំឡុងធ្វើទស្សនកិច្ចទៅកាន់ទីក្រុង Uiju ដែលរងគ្រោះដោយសារទឹកជំនន់កាលពីថ្ងៃសុក្រ លោក គីម ជុងអ៊ុន បាននិយាយថារដ្ឋាភិបាលរបស់លោក មានផែនការបញ្ជូនប្រជាជនរងគ្រោះប្រហែល ១៥ ៤០០នាក់ ចេញពីតំបន់ភាគខាងជើង ទៅកាន់ជម្រកស្នាក់នៅបណ្ដោះអាសន្នក្នុងរដ្ឋធានីព្យុងយ៉ាង រហូតទាល់តែ ផ្ទះរបស់ពួកគេដែលរងការបំផ្លិចបំផ្លាញក្នុងគ្រោះទឹកជំនន់ ត្រូវបានជួសជុល ឬសាងសង់ឡើងវិញរួចរាល់។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងមួយនេះឱ្យដឹងទៀតថា នៅក្រោមផែនការរបស់លោក គីម ក៏មានផងដែរការផ្ដល់ជំនួយជាស្បៀង ថ្នាំពេទ្យ ព្រមទាំងការអប់រំដល់សិស្សរាប់ពាន់ដែលត្រូវផ្លាស់ទីលំនៅ។
គួរបញ្ជាក់ថា ប្រទេសមួយចំនួនរួមមានចិន រុស្ស៉ី រួមទាំងកូរ៉េខាងត្បូង ព្រមទាំងអង្គការសហប្រជាជាតិ បានបង្ហាញពីបំណងជួយកូរ៉េខាងជើង តែលោក គីម ជុងអ៊ុន បានបញ្ជាក់ថាកូរ៉េខាងជើងមានសមត្ថភាពដោះស្រាយបញ្ហាដោយខ្លួនឯង។ ដោយឡែក ជុំវិញគ្រោះទឹកជំនន់នៅកូរ៉េខាងជើងនេះដែរ ប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេស កូរ៉េខាងត្បូង បានរាយការណ៍ថាមានមនុស្សស្លាប់ និងបាត់ខ្លួនដល់ទៅ ១៥០០នាក់ឯណោះ។ ប៉ុន្តែ លោក គីម កាលពីថ្ងៃសុក្រ បានច្រានចោលសេចក្ដីរាយការណ៍ នេះដោយចាត់ទុកថាជាការបង្ករឿងធ្ងន់ធ្ងរ និងជាការប្រមាថមួយដល់អ្នកដែលនៅរស់៕