(ញូវដេលី)៖ អាជ្ញាធរនិយាយថា នៅថ្ងៃសុក្រនេះ ក្រុមទាហានបានជួយសង្រ្គោះប្រជាជនទៅកាន់ទីសុវត្ថិភាព នៅក្នុងរដ្ឋ Tripura ភាគឦសាននៃប្រទេសឥណ្ឌា បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងបង្កជាទឹកជំនន់ និងការរអិលបាក់ដី ដែលបង្ខំឱ្យមនុស្សជាង ៦៥,០០០នាក់ត្រូវភៀសខ្លួនចេញពីផ្ទះសម្បែង ខណៈដែលមនុស្សចំនួន ២៣នាក់បានស្លាប់។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៣ ខែសីហា ឆ្នាំ ២០២៤។
រូបភាពពីទូរស្សន៍បង្ហាញឱ្យឃើញនូវបុគ្គលិកកងទ័ព កំពុងបញ្ជាទូកសង្គ្រោះ ខណៈដែលរថយន្តធុនតូច និងរថយន្តក្រុង ជាប់កកកុញនៅតាមផ្លូវដែលលិចលង់ដោយទឹកត្រឹមជង្គង់។ មន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយនិយាយថា ភ្លៀងធ្លាក់មិនឈប់ឈរ ៤ថ្ងៃមកនេះ ធ្វើឲ្យទឹកទន្លេឡើងកាន់តែខ្លាំង។ បើតាមក្រុមមន្ត្រីអ្នកផ្លាស់ទីលំនៅ បានប្រមូលផ្តុំគ្នានៅក្នុងជំរំចំនួន ៤៥០កន្លែង។ មនុស្សសរុបប្រហែល ១.៧លាននាក់បានរងផលប៉ះពាល់ ជាមួយនិងការខូចខាតធ្ងន់ធ្ងរចំពោះហេដ្ឋារចនាសម្ព័ន្ធ ដំណាំ និងសត្វចិញ្ចឹម។ រីឯអ្នកស្លាប់ភាគច្រើនគឺបណ្តាលមកពីបំណាក់ដី ហើយខ្លះទៀតលង់ទឹក។
គួរបញ្ជាក់ថា ក្រៅពីឥណ្ឌា ប្រទេសជិតខាងគឺបង់ក្លាដែសឯណោះវិញ ការធ្លាយទំនប់ទឹក Gomti កាលពីល្ងាចថ្ងៃព្រហស្បតិ៍ បណ្តាលឱ្យជន់លិចភូមិចំនួន ១៥ និងធ្វើឲ្យមនុស្សរាប់រយគ្រួសារត្រូវបានជម្លៀសចេញ។ នៅរដ្ឋធានី Dhaka ប្រជាជនចោទប្រកាន់ថា ទឹកជំនន់បណ្តាលមកពីការបើកទ្វារទឹកទំនប់នៅឥណ្ឌា ខណៈដែលឥណ្ឌាបានបដិសេធ៕