(ប៉េកាំង)៖ ក្នុងទំនាក់ទំនងរវាងប្រទេសនិងប្រទេស បើនិយាយពីទំនាក់ទំនងមេត្រីភាពពិសេសបែប “សមមិត្តបូកបងប្អូន” មានមនុស្សជាច្រើននឹងគិតដល់ចិននិងវៀតណាមភ្លាម។ ក្នុងប្រវត្តិសាស្ត្រ ប្រទេសសង្គមនិយមទាំងពីរនេះ ដែលជាប្រទេសនៅជិតខាងគ្នា បានគាំទ្រគ្នាទៅវិញទៅមក និងរៀនសូត្រពីគ្នាទៅវិញទៅមក ដែលមិត្តភាពប្រពៃណីបែបនេះ ត្រូវបានកោតសរសើរជាច្រើន។ បច្ចុប្បន្ន ក្នុងដំណាក់កាលជាគន្លឹះនៃការអភិវឌ្ឍ និងស្តារឡើងវិញនៃប្រទេសនីមួយៗ តើមិត្តភាពប្រពៃណីរវាងចិននិងវៀតណាម នឹងបញ្ចេញកម្លាំងរស់រវើកថ្មីតាមរបៀបណា? ពីថ្ងៃទី១៨ដល់ថ្ងៃទី២០ខែសីហា ក្នុងអំឡុងពេលដែលលោក Tô Lâm អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម និងជាប្រធានរដ្ឋវៀតណាមបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅប្រទេសចិន ភាគីទាំងពីរបានរួមគ្នាផ្តល់ចម្លើយ។

នេះជាដំណើរទស្សនកិច្ចនៅបរទេសជាលើកដំបូង របស់លោក Tô Lâm បន្ទាប់ពីលោកឡើងកាន់តំណែងជា អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម នៅដើមខែសីហានេះ ដែលបានបង្ហាញពីកម្រិតខ្ពស់ និងលក្ខណៈជាយុទ្ធសាស្ត្រនៃទំនាក់ទំនងរវាងចិន និងវៀតណាម។ កាលពីថ្ងៃទី១៩ ខែសីហា លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាប្រធានរដ្ឋចិនបានជួបពិភាក្សាការងារ ជាមួយលោក Tô Lâm ។ ភាគីចិនបានថ្លែងថា នឹងចាត់ទុកវៀតណាម ជាទិសដៅអាទិភាព ក្នុងកិច្ចការទូតរបស់ប្រទេសចិន ជាមួយប្រទេសជិតខាង ភាគីទាំងពីរគួរបន្តធ្វើឱ្យស៊ីជម្រៅ នូវការកសាងសហគមន៍រួមវាសនាចិននិងវៀតណាម ដែលប្រកបដោយអត្ថន័យជាយុទ្ធសាស្ត្រ។

ភាគីវៀតណាមបានថ្លែងថា នឹងចាត់ទុកចិនជាជម្រើសយុទ្ធសាស្ត្រនិងអាទិភាពចម្បងបំផុត នៃគោលនយោបាយជាមួយបរទេស របស់វៀតណាម ធ្វើឱ្យទំនាក់ទំនងភាពជាដៃគូ កិច្ចសហប្រតិបត្តិការ ជាយុទ្ធសាស្ត្រដោយគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងចិនមានភាពកាន់តែស៊ីជម្រៅ ក៏ដូចជាជំរុញការកសាងសហគមន៍រួមវាសនារវាងវៀតណាមនិងចិន ដែលប្រកបដោយអត្ថន័យយុទ្ធសាស្ត្រ។

ការកសាងទំនុកចិត្តខាងនយោបាយជាមូលដ្ឋាន នៃការធ្វើឱ្យស៊ីជម្រៅនូវការកសាងសហគមន៍រួមវាសនា រវាងចិននិងវៀតណាម ។ ភាគីចិនបានថ្លែងថា គាំទ្រវៀតណាមឱ្យប្រកាន់ខ្ជាប់ ការដឹកនាំរបស់បក្ស ដើរតាមផ្លូវសង្គមនិយមដែលសមស្របនឹង សភាពការណ៍ជាតិរបស់ខ្លួន ដើម្បីជំរុញនវានុវត្តន៍ ការបើកទូលាយនិងកិច្ចការទំនើបកម្មសង្គមនិយម យ៉ាងស៊ីជម្រៅ។ ភាគីវៀតណាមថ្លែងថា នឹងអនុវត្តគោលនយោបាយចិនតែមួយយ៉ាងមុតមាំ គាំទ្រចិនឱ្យសម្រេចបាននូវការបង្រួបបង្រួមជាតិ យ៉ាងមុតមាំ និងប្រឆាំងយ៉ាងដាច់ខាតនូវកម្លាំងណាមួយ ទៅជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិន។ ប្រឈមមុខនឹងស្ថានការណ៍ ក្នុងតំបន់ និងពិភពលោក ដែលមានភាពស្មុគ្រស្មាញនិងបម្រែបម្រួល ចិននិងវៀតណាមនឹងបន្តពួតដៃគ្នាដើរតាម ផ្លូវសង្គមនិយមឱ្យបានល្អ នេះមិនត្រឹមតែមានអំណោយផល ដល់ការអភិវឌ្ឍនិងស្តារឡើងវិញរៀងៗខ្លួនប៉ុណ្ណោះទេ ថែមទាំងក៏នឹងជំរុញការអភិវឌ្ឍ នៃបុព្វហេតុសង្គមនិយមពិភពលោកផងដែរ។

ចិននិងវៀតណាមមានទំនាក់ទំនងផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មដ៏ជិតស្និទ្ធ មានភាពបំពេញបន្ថែមគ្នាខាងឧស្សាហកម្មយ៉ាងខ្លាំង ហើយមានសក្តានុពលយ៉ាងខ្លាំងក្នុងការធ្វើឱ្យស៊ីជម្រៅ នូវកិច្ចសហប្រតិបត្តិការជាក់ស្តែង ។ ចិនជាដៃគូពាណិជ្ជកម្មដ៏ធំបំផុត របស់វៀតណាមក្នុងរយៈពេលជាច្រើនឆ្នាំជាប់ៗគ្នា ហើយវៀតណាមជាដៃគូពាណិជ្ជកម្មធំបំផុតនៅអាស៊ាន និងជាដៃគូពាណិជ្ជកម្មធំទីបួនលើ ទូទាំងពិភពលោករបស់ចិន ។ នៅឆមាសទីមួយឆ្នាំនេះ ទំហំពាណិជ្ជកម្មទ្វេភាគីរវាង ចិននិងវៀតណាមបានកើនឡើងប្រហែល២០,៦ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន ។ ភាគីទាំងពីរចិននិងវៀតណាម ក៏បានធ្វើការរៀបចំចាត់ចែងក្នុងការបង្កើន កិច្ចសហប្រតិបត្តិការខាងវិស័យកសិកម្ម ហេដ្ឋារចនាសម្ព័ន្ធ ថាមពល សេដ្ឋកិច្ចឌីជីថល ការអភិវឌ្ឍបៃតងនិងអណ្តូងរ៉ែគន្លឹះជាដើម ដើម្បីជំរុញឱ្យកិច្ចសហប្រតិបត្តិការទ្វេភាគី ឡើងដល់កម្រិតថ្មីទៀត។

ពង្រឹងកិច្ចកសាងសហគមន៍រួមវាសនារវាងចិននិងវៀតណាម មិនត្រឹមតែផ្តោតលើការអភិវឌ្ឍរបស់ប្រទេសទាំងពីរប៉ុណ្ណោះទេ ថែមទាំងក៏ឆ្ពោះទៅកាន់ពិភពលោកផងដែរ។ នៅពេលអនាគត ភាគីទាំងពីរក៏នឹងបង្កើនការសម្របសម្រួល និងកិច្ចសហការក្រោមយន្តការពហុភាគី ដូចជាអង្គការសហប្រជាជាតិ អាស៊ាននិងកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គជាដើម ដើម្បីជំរុញការធ្វើពហុភាគីភាវូបនីយកម្មពិភពលោក ប្រកបដោយសមភាពនិងសណ្តាប់ធ្នាប់និងសកលភាវូបនីយកម្មសេដ្ឋកិច្ច ដែលផ្តល់ផលប្រយោជន៍ជាទូទៅ និងប្រកបដោយបរិយាប័ន្ន។ នេះគ្មានអ្វីគួរឱ្យសង្ស័យឡើយ គឺជាសញ្ញាដ៏ល្អចំពោះសន្តិភាព និងការអភិវឌ្ឍក្នុងតំបន់និងពិភពលោក។

សំដៅទៅរកអនាគត ការកសាងសហគមន៍រួមវាសនារវាងចិននិងវៀតណាម ឱ្យមានភាពកាន់តែរឹងមាំនិងកាន់តែស៊ីជម្រៅ នឹងផ្តល់ផលប្រយោជន៍កាន់តែល្អដល់ប្រជាជននៃប្រទេសទាំងពីរ ហើយក៏រួមចំណែកកាន់តែធំដល់ការអភិវឌ្ឍ និងសន្តិភាពក្នុងតំបន់និងពិភពលោកផងដែរ។ ពេលវេលានឹងបញ្ជាក់ថា ទំនាក់ទំនងមេត្រីភាពពិសេសបែប “សមមិត្តបូកបងប្អូន” រវាងចិននិងវៀតណាមនឹងបញ្ចេញកម្លាំងរស់រវើកថ្មី ក្នុងយុគសម័យថ្មី៕

វិទ្យុមិត្តភាពកម្ពុជាចិន