(ប៉េកាំង)៖ ថ្ងៃទី២២ ខែសីហា ឆ្នាំ១៩០៤ ប្រទេសចិនបានទទួលមនុស្សមួយរូបដ៏អស្ចារ្យបានចាប់បដិសន្ធិ ហើយគិតមកដល់ពេលនេះ លោក តេង ស៊ាវភីង មានអាយុ១២០ឆ្នាំ គឺជាកុលបុត្រដ៏អស្ចារ្យ និងជាទីស្រឡាញ់របស់ ប្រជាជាតិចិន ហើយលោកផ្ទាល់ខ្លួនធ្លាប់មានប្រសាសន៍ថា លោកជាកុលបុត្ររបស់ប្រជាជនចិន។

លោកមានសេចក្ដីស្រឡាញ់យ៉ាងជ្រាលជ្រៅចំពោះប្រជាជន និងប្រទេសរបស់លោក។ យើងរំឭកដល់ថ្ងៃកំណើតខួបលើក ទី១២០របស់លោក តេង ស៊ាវភីង ដោយបន្តមរតកមហាដំណើររបស់បក្សកុម្មុយនិស្តចិន ដោយចាប់ពីអាយុ១៨ឆ្នាំ ដែលបានចូលរួមក្នុងអាជីពនយោបាយ លោកត្រូវបានកត់សម្គាល់ដោយជំនឿរឹងមាំលើលទ្ធិកុម្មុយនិស្ត ដែលជាប្រភពនៃភាពសុចរិត អស់កល្បជានិច្ចសម្រាប់ផ្តល់អាទិភាព ដល់ឋានៈ និងតួនាទីស្នូលរបស់ប្រជាជន ហើយមិនថានៅក្នុងតំណែងជាផ្លូវការខ្ពស់ ឬឧបសគ្គបែបណាក៏ដោយ ក៏លោកតែងតែឈរជាប់ជានិច្ចជាមួយ ប្រជាជនគ្រប់កាលៈទេសៈ ហើយលោកបានបំពេញការងារគ្រប់យ៉ាង ដែលលោកអាចធ្វើបានសម្រាប់បក្សកុម្មុយនិស្តចិន ប្រទេស និងប្រជាជនចិន។

លោកផ្តល់អាទិភាពដល់ការអភិវឌ្ឍបក្សកុម្មុយនិស្ត និងប្រទេសចិនដោយមិនគិតពីផលប្រយោជន៍ផ្ទាល់ខ្លួន ដែលត្រូវបានគូសរំលេចដោយប្រជាជាតិចិនថា លោកពិតជាជនកុម្មុយនិស្តដែលបានសំយោគគោលគំនិត សំខាន់រវាងទស្សនវិជ្ជាកាល់ម៉ាក្ស និងទស្សនវិជ្ជាខុងជឺ ក្លាយជាគ្រឹះដ៏សំខាន់នៃមាគ៌ាសង្គមនិយមតាមបែបផែនចិន និងជាមាគ៌ាមួយដែលសមស្របនឹងលក្ខខណ្ឌជាតិ និង តថភាពរបស់ប្រទេសចិនស្របតម្រូវការនៃសម័យកាលទាំងនៅក្នុងទ្រឹស្តី និងការអនុវត្ត។ លោកធ្លាប់បានសង្កត់ធ្ងន់ថា «មាគ៌ាអភិវឌ្ឍក្នុងទ្រឹស្តី និងក្នុងរបបតាមបែបផែនចិន គឺជាកូនសោរគន្លឹះ ដ៏សំខាន់ចំពោះអធិបតេយ្យភាព ឯករាជ្យភាព សេចក្តីថ្លៃថ្នូរ និងបង្កើនល្បឿននៃមហាដំណើររបស់ប្រទេសចិន ក្នុងយុគសម័យថ្មី»។

យើងរំឭកដល់ថ្ងៃកំណើតខួបលើកទី១២០របស់លោក តេង ស៊ាវភីង ដោយរៀនពីឧត្តមគតិ និងជំនឿរឹងមាំរបស់លោកចំពោះ ការពន្លាតមាគ៌ាទំនើបកម្មសង្គមនិយមតាមបែបផែនចិន។ មួយអាជីពនយោបាយរយៈពេល៧០ឆ្នាំ លោកបានបង្ហាញពី ភាពក្លាហានដើម្បីឆ្ពោះទៅមុខជាមួយនឹងការកែទម្រង់ និងការបង្កើតគំនិតច្នៃប្រឌិតដើម្បីគិតគូរនិងដឹកនាំប្រទេសទៅមុខជានិច្ច។ លោកមានភាពរឹងមាំក្នុងការធ្វើកំណែទម្រង់និងបើកទូលាយ ដែលបានបង្កើតឡើងនូវទ្រឹស្ដីទំនើបកម្មសង្គមនិយម តាមបែបផែនចិនដែលបានផ្តល់ការពន្យល់ជាប្រព័ ន្ធជាលើកដំបូងអំពីរបៀបកសាងពង្រឹង និងអភិវឌ្ឍសេដ្ឋកិច្ចចិន។

សុខុមាលភាពរបស់ប្រជាជន គឺជាការខិតខំប្រឹងប្រែងអស់មួយជីវិតរបស់លោក ដោយលោកបានសង្កត់ធ្ងន់ថា «ភាពក្រីក្រមិនមែនជាគោលបំណងរបស់សង្គមនិយមនោះឡើយ» នេះជាភាសាសាមញ្ញតែពោរពេញដោយអត្ថន័យ ដែលបានផ្តល់ជាត្រីវិស័យប្រកបដោយគរុសភា ដល់បក្សកុម្មុយនិស្តចិនសម្រាប់បាននូវ «គោលដៅ១០០ឆ្នាំទី១» របស់ខ្លួន នោះគឺការផ្តល់ជូនដល់ប្រជាជនចិន នូវជីវភាពកាន់តែប្រសើរធូរធារដោយងើបចាកផុតពីភាពក្រីក្រ។

ប្រាជ្ញារបស់លោកបានចូលជ្រៅទៅក្នុងជនកុម្មុយនិស្តចិនរាល់រូប ហើយបានក្លាយជាវិថីក្រាលដោយសន្តិភាព សម្រាប់សាធារណរដ្ឋប្រជាមានិតចិន ដោយបានរំលេចយ៉ាងច្បាស់ថា ប្រទេសចិនប្រកាន់ខ្ជាប់នូវទស្សនៈអភិវឌ្ឍន៍ ដែលចាត់ទុកប្រជាជនជាស្នូល ជួយប្រជាជនសម្រេចសុបិនដែលមានជីវភាពល្អបវរ។ ការដើរតាមមាគ៌ាអភិវឌ្ឍន៍ ដោយសន្តិភាពនិយម ជាជម្រើសយុទ្ធសាស្រ្តរបស់ប្រទេសចិន ដោយមិនងាករេ មិនថាស្ថានភាពអន្តរជាតិប្រែប្រួល យ៉ាងណាក៏ដោយ មិនថាប្រទេសចិន រីកចម្រើនដល់កម្រិតណាក៏ដោយ ប្រទេសចិននឹងនៅតែបន្តធ្វើជាអ្នកកសាង និងឈររួមគ្នាជាមួយប្រទេសដែលជ្រោងទង់សន្តិភាព ក្រោមទម្រដ៏រឹងមាំនៃកិច្ចកសាងសហគមន៍ជោគវាសនារួម នៃមនុស្សជាតិ ហើយវឌ្ឍនភាពរបស់ប្រទេសចិនជាកាលានុវត្តភាពរបស់ពិភពលោក។ ប្រទេសចិននៅយុគសម័យថ្មី នឹងបន្តត្រួសត្រាយឱកាសថ្មី សម្រាប់កំណើនសេដ្ឋកិច្ចសកល ផ្តល់វេទិកាថ្មីសម្រាប់ពាណិជ្ជកម្ម និងការវិនិយោគអន្តរជាតិ រួមវិភាគទានថ្មីសម្រាប់ ការបង្កើនសុភមង្គលជូនដល់មនុស្សជាតិ។

យើងរំឭកដល់ថ្ងៃកំណើតខួបលើកទី១២០របស់លោក តេង ស៊ាវភីង ដោយសិក្សាពីគំនិតច្នៃប្រឌិតរបស់លោក ដោយបានបង្ហាញឱ្យឃើញ នូវចក្ខុវិស័យទូលំទូលាយតាមរយៈគំនិតជាយុទ្ធសាស្ត្រ នៃស្ថាបនិកមាគ៌ាអភិវឌ្ឍ តាមរយៈការធ្វើកំណែទម្រង់បើកទូលាយ។ ដោយដកស្រង់នូវឃ្លាដ៏សាមញ្ញរបស់លោក «មិនសំខាន់ថាឆ្មាពណ៌ខ្មៅ ឬពណ៌ស ជាឆ្មាល្អបើឆ្មានោះចេះចាប់កណ្តុរ»។ លោកសង្កត់ធ្ងន់លើគោលដៅនៃ«ទំនើបភាវូបនីយកម្មសេដ្ឋកិច្ច កសិកម្ម ការអភិវឌ្ឍវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា និងការការពារជាតិ។

លោកបានត្រួសត្រាយមាគ៌ានៃការបើកទូលាយ និងសេរីភាវូបនីយកម្មសេដ្ឋកិច្ចរបស់ប្រទេសចិន ចាប់ពីឆ្នាំ១៩៧៨មក ហើយច្បាស់ណាស់ដែលថារយៈពេល៤៦ឆ្នាំនេះ ប្រទេសចិនត្រូវបានពិភពលោកយល់យ៉ាងច្បាស់ ពីទស្សនវិស័យទូលំទូលាយ ធនធានដ៏សំបូរបែប ស្មារតីនិងគតិបណ្ឌិតរបស់ប្រទេសចិន។ តាមរយៈកំណែទម្រង់បើកចំហសេដ្ឋកិច្ច បាននាំការអភិវឌ្ឍក្នុងប្រទេស និងអន្តរជាតិដោយមានការផ្សារភ្ជាប់គ្នារវាងចិននិងពិភពលោក និងបានឈានចូលដំណាក់កាលថ្មី របស់ប្រទេសចិនក្នុងការបោះជំហានយ៉ាងស្វាហាប់នៅលើវិថី នៃការធ្វើទំនើបកម្មសង្គមនិយមតាមបែបផែនចិន ដែលកំពុងបោះជំហានយ៉ាងស្វាហាប់ដូចមានចែង ក្នុងលទ្ធផលកិច្ចប្រជុំពេញអង្គលើកទី៣ របស់បក្សកុម្មុយនិស្តចិន អាណត្តិលើកទី២០ ដែលបានប្រារព្ធកាលពីថ្ងៃទី១៥ដល់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤កន្លងមក។

ប្រាជ្ញាចិនប្រកបដោយស្មារតីសន្តិភាពនិយមស្តីពី «ប្រទេស១ របប២» បានផ្តល់ជាដំណោះស្រាយដ៏សំខាន់ដល់កោះហុងកុង និងកោះម៉ាកាវវិលត្រឡប់មកកាន់មាតុភូមិខ្លួនវិញ ហើយក៏ជាទឡ្ហីករណ៍ដល់ការស្តារភាពអស្ចារ្យឡើងវិញ នៃប្រជាជាតិចិនដោយមានវត្តមានពេញលេញ នៃកោះតៃវ៉ាន់ស្របតាមគោលការណ៍ចិនតែមួយ ដែលជាគោលការណ៍ច្បាប់ផ្តល់គុណតម្លៃ ដល់សហគមន៍អន្តរជាតិគោរពយ៉ាងខ្ជាប់ខ្ជួន នូវខ្លឹមសារនៃសេចក្តីសម្រេចលេខ២៧៥៨ ដែលបានអនុម័តដោយមហាសន្និបាតអង្គការសហប្រជាជាតិ ក្នុងសម័យប្រជុំលើកទី២៦នាឆ្នាំ១៩៧១។

ជារួមយើងរំឭកដល់ថ្ងៃកំណើតខួបលើកទី១២០របស់លោក តេង ស៊ាវភីង ជាជនកុម្មយនិស្តដែលពោរពេញដោយភក្តីភាព ចំពោះជោគវាសនារបស់មនុស្សជាតិ ដែលតែងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះសន្តិភាព និងការអភិវឌ្ឍរបស់ពិភពលោក។ លោកតែងសង្កត់ធ្ងន់លើតម្រូវការក្នុងការចាត់ទុកបញ្ហា នៃការអភិវឌ្ឍជាបញ្ហាមួយដែលពាក់ព័ន្ធនឹង មនុស្សជាតិទាំងអស់ ហើយលោកតែងសិក្សានិងដោះស្រាយ ដោយផ្អែកលើប្រាជ្ញាចិន។

លោកជាជនវឌ្ឍននិយមពហុប៉ូល ដែលបានដឹកនាំប្រទេសចិនដោយចែករំលែកវាសនា ជាមួយបណ្តាប្រទេសទាំងអស់ ហើយនាំប្រទេសចិនដែលការពារសន្តិភាពពិភពលោក បានបញ្ចេញពន្លឺរស្មីសន្តិភាពដ៏រុងរឿងដល់ពិភពលោក និងឈរជាប់ជានិច្ចជារៀងរហូតជាមួយ ប្រទេសដែលគាំទ្រសន្តិភាពដោយរួមគ្នាកសាង សហគមន៍ជោគវាសនារួមនៃមនុស្សជាតិ ដោយប្រឆាំងគ្រប់ទម្រង់នៃអនុត្តរភាពនិយម៕

ដោយបណ្ឌិត ជា មុនីឫទ្ធិ
សមាជិកគណៈប្រតិបត្តិសមាគមមិត្តភាពកម្ពុជា-ចិន