(ប៉េកាំង)៖ ថ្ងៃទី២០ ខែសីហា តាមម៉ោងក្នុងតំបន់ គណៈកម្មាធិការសហភាពអឺរ៉ុបបានចេញផ្សាយ ការត្រៀមប្រកាសពីព័ត៌មាន អំពីការកាត់ក្តីចុងក្រោយស្តីពីការស៊ើបអង្កេត ចំពោះករណីប្រឆាំងឧបត្ថម្ភកធន នៃរថយន្តដើរដោយថាមពលអគ្គិសនី របស់ប្រទេសចិន ហើយស្នើឱ្យយកពន្ធប្រឆាំងឧបត្ថម្ភកធនពី១៧ភាគរយដល់៣៦.៣ភាគរយ ក្នុងរយៈពេល៥ឆ្នាំលើរថយន្ត ដើរដោយថាមពលអគ្គិសនីរបស់ចិន និងសហភាពអឺរ៉ុបដែលផលិតនៅប្រទេសចិន។
ប្រសិនបើទង្វើការពារនិយមផ្នែកពាណិជ្ជកម្មនេះត្រូវបានអនុវត្ត នោះវាមិនត្រឹមតែនឹងធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់ផលប្រយោជន៍នៃឧស្សាហកម្មរថយន្តចិនតែប៉ុណ្ណោះ ថែមទាំងក៏នឹងបំផ្លាញដល់កិច្ចសហប្រតិបត្តិការ ផ្នែកខ្សែសង្វាក់ឧស្សាហកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់ពាក់ព័ន្ធរវាងចិននិងអឺរ៉ុបទៀតផង ដែលបណ្តាលឱ្យអឺរ៉ុបទទួលរងនូវផលវិបាក ដ៏អាក្រក់វិញ។
មជ្ឈដ្ឋានខាងក្រៅបានចាប់អារម្មណ៍ថា បើប្រៀបធៀបនឹងលទ្ធផលនៃការកាត់ក្តី ជាជំហានដំបូងដែលបានប្រកាសនៅខែកក្កដា លើកនេះ ភាគីអឺរ៉ុបបានកាត់បន្ថយក្នុងកម្រិតតិចតូច នូវអត្រាពន្ធចំពោះសហគ្រាសរថយន្តចិនមួយចំនួន។ សហភាពអឺរ៉ុបហាក់ដូចជា បានយោគយល់និងបន្ធូរបន្ថយគោលជំហរខ្លះ ប៉ុន្តែវាគ្រាន់តែធ្វើតែសំបកក្រៅនិងមិនបានកែប្រែ ធាតុពិតរបស់ខ្លួនដែលប្រើសប្រាស់ក្បួនច្បាប់ និងនីតិវិធីរបស់អង្គការពាណិជ្ជកម្មពិភពលោក ដោយខុសទំនង ធ្វើឱ្យឧបករណ៍ស៊ើបអង្កេតប្រែទៅជាអាវុធ និងបំផ្លាញដល់ការប្រកួតប្រជែងដោយយុត្តិធម៌ ដោយជ្រកក្រោមស្លាក "ប្រកួតប្រជែងដោយយុត្តិធម៌"។
មិនថា អ្នកនយោបាយអឺរ៉ុបមួយចំនួនធ្វើការគាបសង្កត់ ឧស្សាហកម្មរថយន្តដើរដោយថាមពលអគ្គិសនីចិន ក្នុងបំណងអ្វីក៏ដោយ ក៏ប៉ុន្តែមានចំណុចមួយគឺច្បាស់លាស់ ពោលគឺទង្វើរបស់ពួកគេ គឺបំផ្លាញផលប្រយោជន៍ទាំងអ្នកដទៃផង និងខ្លួនឯងផងដែរ ហើយរងការរិះគន់យ៉ាងទូលំទូលាយពីអ្នកនយោបាយ និងឥស្សរជនមកពីមជ្ឈដ្ឋានពាណិជ្ជកម្មអឺរ៉ុប។
ថ្នាក់ដឹកនាំដូចជាលោក Scholz នាយករដ្ឋមន្ត្រីអាល្លឺម៉ង់ជាដើមបានប្រឆាំងជាសាធារណៈ ចំពោះការដាក់កំហិតលើ ពាណិជ្ជកម្មរថយន្ត ហើយបានអំពាវនាវឱ្យរក្សាភាពយុត្តិធម៌ និងសេរីភាពខាងពាណិជ្ជកម្ម។ ប្រព័ន្ធផ្សព្វផ្សាយ ដូចជាកាសែត《The Times》របស់អង់គ្លេស បានចុះផ្សាយអត្ថបទដោយលើកឡើងថា សហភាពអឺរ៉ុបទាមទារឱ្យ អ្នកប្រើប្រាស់ប្តូរទៅប្រើប្រាស់រថយន្តដើរដោយថាមពលអគ្គិសនីផង ហើយប៉ុនប៉ងរារាំងការផ្គត់ផ្គង់រថយន្ត ដើរដោយថាមពលអគ្គិសនី ដែលមានគុណភាពខ្ពស់និងតម្លៃថោកផង ទង្វើនេះពិតជាគួរឱ្យអស់សំណើចណាស់។
ធាតុពិតនៃកិច្ចសហប្រតិបត្តិការចិន-សហភាពអឺរ៉ុប គឺបម្រើផលប្រយោជន៍ទៅវិញទៅមកនិងឈ្នះ-ឈ្នះ។ ជានិច្ចកាល ភាគីចិនតែងតែប្រកាន់ខ្ជាប់នូវភាពស្មោះត្រង់ធំបំផុត ធ្វើកិច្ចខិតខំប្រឹងប្រែង ដើម្បីដោះស្រាយវិវាទពាណិជ្ជកម្មឱ្យបានសមស្រប ជាមួយសហភាពអឺរ៉ុបតាមរយៈកិច្ចសន្ទនា និងការពិគ្រោះយោបល់។ ប៉ុន្តែនេះមិនមែនមានន័យថា ភាគីចិននឹងឱបដៃឈរមើល ផលប្រយោជន៍របស់ខ្លួនរងការខូចខាត ហើយក្លាយជា "គ្រឿងបូជា" នៃទង្វើការពារនិយមខាងពាណិជ្ជកម្មនោះទេ។
នៅថ្ងៃទី៩ ខែសីហា ប្រទេសចិនបានដាក់វិធានការប្រឆាំងឧបត្ថម្ភកធន ជាបណ្តោះអាសន្នមកលើរថយន្តដើរ ដោយថាមពលអគ្គិសនីរបស់សហភាពអឺរ៉ុប ប្តឹងទៅយន្តការដោះស្រាយវិវាទរបស់អង្គការពាណិជ្ជកម្មពិភពលោក។នេះបានបញ្ចេញសញ្ញាយ៉ាងច្បាស់លាស់ ទៅកាន់មជ្ឈដ្ឋានខាងក្រៅថា ភាគីចិននឹងចាត់វិធានការដ៏ចាំបាច់ទាំងអស់ ដើម្បីគាំពារយ៉ាងមុតមាំនូវសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់សហគ្រាសចិន។
យោងតាមរបៀបវារៈរបស់ភាគីអឺរ៉ុប បន្ទាប់ពីបញ្ចប់ការបង្ហើបការកាត់ក្តីចុងក្រោយ និងស្នើសុំមតិយោបល់ គណៈកម្មាធិការសហភាពអឺរ៉ុប នឹងដាក់សេចក្តីសម្រេចចិត្តចុងក្រោយជូនបណ្តារដ្ឋសមាជិកនានា ហើយនឹងធ្វើការកាត់ក្តីចុងក្រោយ មុននឹងថ្ងៃទី៤ខែវិច្ឆិកា។ ស្របពេលដែល "រយៈពេលសង្កេតការណ៍" ចុងក្រោយជិតចូលមកដល់ ភាគីអឺរ៉ុបត្រូវស្តាប់សំឡេងផ្ទៃក្នុងយ៉ាងយកចិត្តទុកដាក់ ថ្លឹងថ្លែងពីផលល្អនិងផលអាក្រក់ ហើយពន្លឿនការពិគ្រោះពិភាក្សា ជាមួយប្រទេសចិនអំពី ដំណោះស្រាយដែលសមស្រប ដើម្បីជៀសវាងកុំឱ្យវិវាទពាណិជ្ជកម្មឡើងកម្តៅ និងជៀសវាងកុំឱ្យ ប៉ះពាល់ដល់ទំនុកចិត្តគ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការរវាងចិននិងអឺរ៉ុប។ បើពុំនោះសោត ភាគីអឺរ៉ុបនឹងក្លាយជា ចង់ចំណេញបែរជាដាច់ចំណងជាក់ជាមិនខាន៕
វិទ្យុមិត្តភាពកម្ពុជាចិន