(ហ្សាការតា)៖ នៅថ្ងៃព្រហស្បតិ៍នេះ ប្រទេសឥណ្ឌូណេស៉ីនិងអូស្រ្តាលី បានចុះកិច្ចព្រមព្រៀងការពារជាតិថ្មីមួយជាមួយគ្នា និងសន្យាបង្កើនកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ ដើម្បីទប់ទល់ការគំរាមកំហែងផ្នែកសន្តិសុខ នៅតំបន់អាស៉ី-ប៉ាស៉ីហ្វិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃព្រហស្បតិ៍ ទី២៩ ខែសីហា ឆ្នាំ២០២៤។

កិច្ចព្រមព្រៀងខាងលើ ត្រូវបានចុះហត្ថលេខា អំឡុងដំណើរបំពេញទស្សនកិច្ច របស់រដ្ឋមន្រ្តីការពារជាតិអូស្រ្តាលី លោក Richard Marles នៅឥណ្ឌូណេស៉ី នាសប្តាហ៍នេះ ហើយក្នុងនោះរួមមានទាំងលក្ខខណ្ឌ សម្រាប់ការធ្វើសមយុទ្ធយោធារួម និងការដាក់ពង្រាយកងទ័ពទៅវិញទៅមក។

រដ្ឋមន្រ្តីការពារជាតិឥណ្ឌូណេស៉ី លោក Prabowo Subianto ដែលនឹងត្រូវក្លាយជាប្រធានាធិបតី នៅប៉ុន្មានខែខាងមុខ បានហៅកិច្ចព្រមព្រៀងខាងលើថា ជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តមួយ ខណៈលោក Marles បានចាត់ទុកវាជាកិច្ចព្រមព្រៀង មានកម្រិតស្មើនឹង​សន្ធិសញ្ញា។

គួរបញ្ជាក់ថា កិច្ចព្រមព្រៀងការពារជាតិខាងលើ ត្រូវបានប្រកាសជាលើកដំបូង នៅពេលលោក ​Prabowo បានធ្វើទស្សនកិច្ចទៅកាន់ប្រទេសអូស្រ្តាលី កាលពីសប្តាហ៍មុន។ ប្រទេសទាំងពីរ នឹងត្រូវប្រារព្ធការធ្វើសមយុទ្ធយោធារួម នៅខេត្ត East Java នាខែវិច្ឆិកាខាងមុខ ដែលមានការចូលរួមពីបុគ្គលិកយោធា សរុបជិត ២,០០០នាក់៕