(តូក្យូ)៖ ប្រទេសជប៉ុនកំពុងត្រៀមខ្លួនទប់ទល់នឹងព្យុះទីហ្វុង Shanshan ដែលមន្ត្រីជប៉ុនព្រមានថា អាចជាព្យុះដ៏ខ្លាំងបំផុតមួយដែលមិនធ្លាប់វាយប្រហារតំបន់នេះ។ ប្រជាជនរាប់សែននាក់ត្រូវបានបញ្ជាឱ្យជម្លៀសចេញ ខណៈក្រុមហ៊ុនធំៗដូចជា Toyota បានបិទរោងចក្រជាបណ្ដោះអាសន្ន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤។

ទីភ្នាក់ងារឧតុនិយមបានចេញការព្រមានជាបន្ទាន់ ដោយព្យាករណ៍ថា ព្យុះនេះនឹងនាំមកនូវខ្យល់បក់ខ្លាំង រលកខ្ពស់ និងជំនន់ទឹកភ្លៀង ដែលអាចបង្កឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិត និងទ្រព្យសម្បត្តិ។ អាជ្ញាធរក៏បានបញ្ជាឱ្យមានការជម្លៀសប្រជាជនជាង ៨០០,០០០ នាក់ចេញពីតំបន់ដែលងាយរងគ្រោះផងដែរ។

ក្រុមហ៊ុនផលិតរថយន្តធំៗ រួមទាំង Toyota, Nissan, Honda និង Mazda បានសម្រេចផ្អាកប្រតិបត្តិការនៅរោងចក្រមួយចំនួនជាបណ្ដោះអាសន្ន ដើម្បីធានាសុវត្ថិភាពដល់បុគ្គលិក។ ក្រុមហ៊ុនអាកាសចរណ៍ ANA និង Japan Airlines ក៏បានលុបចោលជើងហោះហើររាប់រយ ដោយសារតែព្យុះនេះផងដែរ។

ព្យុះទីហ្វុង Shanshan ត្រូវបានគេរំពឹងថា នឹងធ្វើដំណើរឆ្ពោះទៅកាន់តំបន់កណ្តាល និងភាគខាងកើតនៃប្រទេសជប៉ុន រួមទាំងរដ្ឋធានីតូក្យូ នៅចុងសប្តាហ៍នេះ។ ប្រជាជនទូទាំងប្រទេសត្រូវបានអំពាវនាវឱ្យបង្កើនការប្រុងប្រយ័ត្ន និងតាមដានព័ត៌មានពីអាជ្ញាធរជាប្រចាំ៕