(Oita ជប៉ុន)៖ ក្រុមមន្ត្រីនៅក្នុងប្រទេសជប៉ុន បាននិយាយនៅថ្ងៃសុក្រ ទី៣០ ខែសីហានេះថាព្យុះទីហ្វុង Shanshan បានថមថយចុះឥទ្ធិពលហើយ តែបានបង្កឱ្យមានភ្លៀង ធ្លាក់ខ្លាំង រំខានដល់សេវាធ្វើដំណើរ ខណៈអ្នកស្លាប់បានកើនដល់ ៥នាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

Shanshan ជាព្យុះទីហ្វុងដ៏មានឥទ្ធិពលបំផុតមួយវាយប្រហារលើប្រទេសជប៉ុន ក្នុងឆ្នាំ២០២៤នេះ បានថមថយចុះឥទ្ធិពលនៅព្រឹកថ្ងៃសុក្រនេះ ដោយល្លឿនខ្យល់បក់ បានធ្លាក់ចុះពី ២៥២គីឡូម៉ែត្រក្នុងមួយម៉ោង មកនៅត្រឹម ១២៦គីឡូម៉ែត្រក្នុងមួយម៉ោង។ តាមក្រុមមន្ត្រីជប៉ុន មុនព្យុះនេះបក់បោកដល់តំបន់ដីគោកនៃកោះ Kyushu គ្រោះរអិលបាក់ដីមួយបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងបានសម្លាប់មនុស្ស៣នាក់ជាសមាជិកក្នុងគ្រួសារតែមួយកាលពីថ្ងៃអង្គារ នៅខេត្ត Aichi។ ចំណែក មនុស្ស២នាក់ផ្សេងទៀត ត្រូវបានរាយការណ៍ថាបានស្លាប់នៅក្នុងខេត្ត Tokushima ហើយមនុស្សយ៉ាងហោច ៨១នាក់បានរងរបួស។

គួរបញ្ជាក់ថា ឥទ្ធិពលព្យុះទីហ្វុង Shanshan បានធ្វើឱ្យមនុស្ស ២៥០ ០០០គ្រួសារគ្មានអគ្គិសនីប្រើប្រាស់។ ប៉ុន្តែខាងអាជ្ញាធរជប៉ុន បាននិយាយនៅថ្ងៃសុក្រនេះថាឥលូវសល់តែ ៦៥០០គ្រួសារប៉ុណ្ណោះ កំពុងគ្មានអគ្គិសនីប្រើប្រាស់ ខណៈក្រុមអ្នកជំនាញកំពុងជួសជុលបណ្ដាញអគ្គិសនីដែលរងការខូចខាត។ ទន្ទឹមគ្នា សេវារថភ្លើងល្បឿនលឿននៅតែត្រូវផ្អាក នៅលើកោះ Kyushu រីឯក្រុមអាកាសចរណ៍ជប៉ុនជាច្រើន បានប្រកាសលុបចោលជើងហោះហើរច្រើនជាង៦០០ជើងសម្រាប់ថ្ងៃសុក្រនេះ ធ្វើឱ្យប៉ះពាល់ដល់អ្នកដំណើរជិត ៥០ ០០០នាក់៕