(ហ៊្សេរុយសាឡិម)៖ រដ្ឋមន្រ្តីការពារជាតិអ៉ីស្រាអែល បានស្នើឱ្យមានការពង្រីកគោលដៅនៃសង្រ្គាមនៅក្នុងតំបន់ហ្កាហ្សា ដោយបូកបញ្ចូលនូវការនាំប្រជាជនត្រលប់ទៅកាន់សហគមន៍ នៅភាគខាងជើងអ៉ីស្រាអែលវិញ ខណៈពួកគេបានជម្លៀសខ្លួនចេញពីផ្ទះសម្បែង ដោយសារតែការវាយប្រហាររបស់ក្រុម Hezbollah គាំទ្រដោយអ៉ីរ៉ង់នៅលីបង់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៣០ ខែសីហា ឆ្នាំ ២០២៤។
នេះជាការលើកឡើងរបស់ លោក Yoav Gallant ក្នុងជំនួបជាមួយមន្រ្តីយោធាកំពូលៗ ដើម្បីពិនិត្យមើលសមិទ្ធិផលរបស់អ៉ីស្រាអែល ដែលសម្រេចបាននៅតំបន់ហ្គាហ្សាមកទល់ពេលនេះ ដោយគោលដៅដំបូងនៃសង្រ្គាមរបស់ខ្លួន គឺលុបបំបាត់ក្រុមហាម៉ាស និងរំដោះចំណាប់ខ្មាំងអ៉ីស្រាអែល។ លោក Gallant គូសបញ្ជាក់ថា «បេសកកម្មរបស់យើងនៅជួរមុខភាគខាងជើង គឺច្បាស់លាស់ ដើម្បីធានាឱ្យពលរដ្ឋសហគមន៍ភាគខាងជើង ត្រលប់មកផ្ទះវិញបានដោយសុវត្ថិភាព។ ដើម្បីសម្រេចបាននូវបេសកកម្មនេះ យើងត្រូវពង្រីកគោលដៅនៃសង្រ្គាមហ្កាហ្សា»។ លោកបន្ថែមថា «វាក៏នឹងមិនមានការបន្ធូរបន្ថយការប្តេជ្ញាចិត្ត ក្នុងការលុបបំបាត់ក្រុមហាម៉ាស និងការរំដោះចំណាប់ខ្មាំងមកវិញនោះទេ»។
គួរបញ្ជាក់ថា ការវាយប្រហាររបស់ក្រុមហាម៉ាស កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំមុន លើភាគខាងត្បូងអ៉ីស្រាអែល បានបង្កជាសង្រ្គាមនៅទូទាំងតំបន់ហ្កាហ្សា។ មួយថ្ងៃក្រោយមក ក្រុម Hezbollah បានបើកការវាយប្រហារប្រឆាំងអ៉ីស្រាអែល ហើយការប្រយុទ្ធគ្នានៅព្រំដែនអ៉ីស្រាអែល-លីបង់ កាន់តែមានសកម្មភាពឡើងតាំងពីពេលនោះមក។ អ្នកស្រុករស់នៅភាគខាងជើងអ៉ីស្រាអែល បានរត់ភៀសខ្លួន និងមិនទាន់អាចត្រលប់ទៅវិញបាននៅឡើយទេ៕