(ម៉ូស្គូ)៖ អាជ្ញាធរក្នុងតំបន់បាននិយាយថា ការវាយប្រហារដ៏សាហាវរបស់រុស្ស៊ីលើទីក្រុង Kharkiv ភាគឦសាននៃប្រទេសអ៊ុយក្រែន បានបង្កឲ្យមានការបាត់បង់ជីវិតដ៏សោកនាដកម្ម និងការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ ដោយបានសម្លាប់មនុស្ស ៤នាក់ រួមទាំងកុមារម្នាក់ និងយ៉ាងហោចណាស់ ២៨នាក់ផ្សេងទៀតរងរបួស។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuter នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤។
អភិបាលក្រុង លោក Ihor Terekhov បានបង្ហាញការខឹងសម្បារយ៉ាងខ្លាំងចំពោះការវាយប្រហារនេះ ដោយចោទប្រកាន់ថា «រុស្ស៉ីបានសម្លាប់កុមារនៅសួនកុមារ»។ លោកបានបន្ថែមថា មនុស្សបីនាក់ផ្សេងទៀត ត្រូវបានសម្លាប់នៅក្នុងអគារលំនៅដ្ឋានកម្ពស់ ១២ ជាន់ដែលបានឆាបឆេះជាលទ្ធផល នៃការវាយប្រហារនេះផងដែរ។
ទីក្រុង Kharkiv ដែលជាទីក្រុងធំទីពីររបស់អ៊ុយក្រែន និងតំបន់ជុំវិញនោះ គឺជាគោលដៅនៃការវាយប្រហាររបស់រុស្ស៊ីតាំងពីយូរយារណាស់មកហើយ ជាពិសេសជាមួយនឹងការទម្លាក់គ្រាប់បែកដែលមានការបំផ្លិចបំផ្លាញធ្ងន់ធ្ងរ។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានបន្តការអំពាវនាវដល់សម្ព័ន្ធមិត្តលោកខាងលិច ឱ្យអនុញ្ញាតឱ្យមានការវាយប្រហាររយៈចម្ងាយឆ្ងាយលើមូលដ្ឋានទ័ពអាកាសយោធារុស្ស៊ី បន្ទាប់ពីការវាយប្រហារនៅថ្ងៃសុក្រនេះ។
លោក Zelensky បានសរសេរនៅលើ Telegram យ៉ាងដូច្នេះថា «គ្មានការវាយប្រហារណាមួយនឹងកើតឡើងបានទេ ប្រសិនបើកងកម្លាំងការពាររបស់យើងអាចបំផ្លាញយន្តហោះយោធារុស្ស៊ីដែលជាកន្លែងដែលពួកគេស្ថិតនៅ»។
គួរបញ្ជាក់ថា ទោះបីជារុស្ស៊ីបានបដិសេធថាខ្លួនមិនបានកំណត់គោលដៅលើជនស៊ីវិលក៏ដោយ ក៏លទ្ធផលនៃការវាយប្រហារនៅតែបង្ហាញថា មានជនស៊ីវិលរាប់ពាន់នាក់បានស្លាប់ និងរងរបួសដោយសារការវាយប្រហាររបស់រុស្ស៊ី ចាប់តាំងពីការឈ្លានពានអ៊ុយក្រែនដ៏ធំកាលពីពីរឆ្នាំមុន៕