(វ៉ាស៊ីនតោន)៖ អាវុធនុយក្លេអ៊ែរ បាន និងកំពុងក្លាយជាប្រធានបទមួយដែលត្រូវបានជជែកវែកញែកយ៉ាងផុលផុសនៅកូរ៉េខាងត្បូង។ សេចក្ដីថ្លែងការណ៍ Washington Declaration កាលពីឆ្នាំ២០២៣ រវាងប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន សុកយុល បានតម្រូវឱ្យសហរដ្ឋអាមេរិកបញ្ចូលកូរ៉េខាងត្បូងក្នុងនាមជាដៃគូ ដ៏ជិតស្និទ្ធមួយ ទៅក្នុងការរៀបចំផែនការសម្រាប់លទ្ធភាពនៃការប្រើប្រាស់អាវុធនុយក្លេអែរ ក្នុងករណីសង្រ្គាមផ្ទុះឡើង។ ក្រុមអ្នកវិភាគ និងអ្នកនយោបាយកំពុងនាំគ្នាចោទសួរថាតើ តាមរយៈសេចក្ដីថ្លែងការណ៍នេះ ទីក្រុងសេអ៊ូលអាចនឹងទាមទារឱ្យសហរដ្ឋអាមេរិក ដាក់ពង្រាយអាវុធនុយក្លេអ៊ែរតាក់ទិកឡើងវិញនៅលើតំបន់ឧបទ្វីបកូរ៉េ ដែរឬក៏យ៉ាងណា ក្រោយ ត្រូវបានដកចេញអស់រយៈពេល ៣ទសវត្សរ៍មកនេះ។
បើតាមការស្ទង់មតិ ប្រជាជនកូរ៉េខាងត្បូងកាន់តែច្រើនឡើងចង់ឱ្យប្រទេសរបស់ពួកគេផលិត ឬកាន់កាប់អាវុធនុយក្លេអ៊ែរ។ ការចង់បានបែបនេះគឺគេអាចយល់បាន នោះក៏ដោយសារតែ ឃ្លាំងអាវុធនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើងកាន់តែរីកចម្រើនទៅមុខ។ ក្រុមអ្នកវិភាគកូរ៉េខាងត្បូងបារម្ភថាលោក គីម ជុងអ៊ុន អាចនឹងសម្រេចបានជោគជ័យនូវសមត្ថភាពអាវុធ នុយក្លេអ៊ែរបំពាក់លើមីស៊ីល នាវាមុជទឹក និងបំពាក់លើយន្ដហោះចម្បាំងក្នុងពេលអនាគតដ៏ខ្លី។ ពួកគេក៏បារម្ភដែរថាសម្ព័ន្ធភាពថ្មីរបស់កូរ៉េខាងជើងជាមួយរុស្ស៉ីអាចនឹងឱ្យកូរ៉េខាងជើង ទទួលបានបច្ចេកវិទ្យាអាវុធកាន់តែទំនើប។ មិនតែប៉ុណ្ណោះ អ្វីដែលពួកគេកាន់តែព្រួយបារម្ភទៅទៀតនោះ គឺនៅពេលកូរ៉េខាងជើងមានសមត្ថភាពវាយប្រហារដោយអាវុធនុយក្លេអ៊ែរលើ សហរដ្ឋអាមេរិក អាមេរិកខ្លួនឯងអាចនឹងស្ទាក់ស្ទើរ ឬនឹងមិនធ្វើអន្តរាគមន៍ការពារកូរ៉េខាងត្បូងឡើយ ប្រសិនបើការធ្វើបែបនេះអាចឱ្យអាមេរិករងការវាយប្រហារនុយក្លេអ៊ែរ។ ចំណែកឯ ហេតុផលធំមួយទៀត នោះគឺលទ្ធភាពនៃការវិលត្រឡប់មកវិញរបស់លោក ដូណាល់ ត្រាំ ដែលធ្លាប់បានគំរាមជារឿយៗពីការដកកងទ័ពអាមេរិកចេញពីកូរ៉េខាងត្បូង។
អស់រយៈពេលរាប់ទស្សវត្សរ៍មកនេះ សហរដ្ឋអាមេរិកបានប្រើគ្រប់មធ្យោបាយ រួមមានទាំងការសម្លុតគំរាម ការដាក់ទណ្ឌកម្ម ឬឈានដល់ការធ្វើអន្តរាគមន៍យោធា ដើម្បីទប់ស្កាត់កុំឱ្យមាន ការរីកសាយអាវុធនុយក្លេអ៊ែរ។ ការប្រឹងប្រែងនេះបានទទួលផលពិតមែន ដោយឥលូវ មានប្រទេសចំនួន៩ប៉ុណ្ណោះដែលមានអាវុធនុយក្លេអ៊ែរ នៅក្នុងចំណោមប្រទេសរាប់សិបដែលមាន ទាំងសមត្ថភាពបច្ចេកវិទ្យា និងធនធានដើម្បីផលិតអាវុធនុយក្លេអ៊ែរ។ ក៏ប៉ុន្តែ ស្ថានការណ៍ពិភពលោកសព្វថ្ងៃ បានធ្វើឱ្យគេមើលឃើញថាមានកតា្តធំៗ៣ អាចនឹងធ្វើឱ្យមានការប្រែប្រួល៖
កត្តាទី១៖ «ការផ្លាស់ប្ដូរតុល្យភាពយោធា»។ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន នៅតែមានសមត្ថភាពយោធាទូទៅមិនមែននុយក្លេអ៊ែរខ្លាំងជាងសត្រូវរបស់ពួកគេទាំងនៅអឺរ៉ុប និងមជ្ឈិមបូព៌ា។ ប៉ុន្តែ នៅអាស៊ី តុល្យភាពយោធាមានការផ្លាស់ប្ដូរគួរឱ្យកត់សម្គាល់ ចំពោះមុខការកើនឡើងអំណាចយោធាចិនដែលកំពុងប្រឹងពង្រីកឃ្លាំងអាវុធនុយក្លេអ៊ែរ។ ការពង្រីក ឃ្លាំងអាវុធរបស់ចិននេះឯង បានដាក់សម្ពាធលើបណ្ដាប្រទេសជាសម្ព័ន្ធមិត្តអាមេរិកនៅក្នុងតំបន់ ហើយបើការពង្រីកឃ្លាំងអាវុធនុយក្លេអ៊ែររបស់ចិននៅតែបន្តដំណើរទៅមុខក្នុងពេលច្រើន ទសវត្សរ៍ទៅមុខ នោះសម្ព័ន្ធមិត្តសំខាន់ៗរបស់អាមេរិកផ្សេងទៀត ដូចជាជប៉ុន ឬអូស្ត្រាលី អាចនឹងធ្វើការសន្និដ្ឋានថាមានត្រឹមសមត្ថភាពអាវុធទូទៅធម្មតា គឺមិនអាចការពារខ្លួនឯងបានទេ រីឯអាវុធនុយក្លេអ៊ែរជាមធ្យោបាយការពារខ្លួនដ៏ល្អប្រសើរ។
កតា្តទី២៖ ការឈ្លានពានពីសំណាក់មហាអំណាចនុយក្លេអ៊ែរ លើប្រទេសមិនមានអាវុធនុយក្លេអ៊ែរ។ រុស្ស៉ីបានលើកទ័ពឈ្លានពានចូលអ៊ុយក្រែន ដែលបានបោះបង់ចោលអាវុធនុយក្លេអ៊ែរ ក្នុងទសវត្សរ៍ឆ្នាំ១៩៩០។ ក្រុមអ្នកជំនាញខ្លះបាននិយាយថាបើអ៊ុយក្រែនរក្សាទុកអាវុធនុយក្លេអ៊ែរសល់ពីសម័យសូវៀត ម្ល៉េះរុស្ស៉ីក៏ប្រហែលជាមិនហ៊ានឈ្លានពាននោះដែរ។ ក្នុងសង្រ្គាម នៅអ៊ុយក្រែន លោក ពូទីនបានយកឃ្លាំងអាវុធនុយក្លេអ៊ែរមកសម្លុតគំរាម និងបានទទួលជោគជ័យក្នុងការកំញើញកុំឱ្យសហរដ្ឋអាមេរិក និង NATO លូកដៃដោយផ្ទាល់ចូលជួយអ៊ុយក្រែន។ ដូច្នេះប្រសិនបើចិនដែលមានអាវុធនុយក្លេអ៊ែរ ធ្វើសង្រ្គាមប្រឆាំងតៃវ៉ាន់ ហើយសហរដ្ឋអាមេរិកបរាជ័យ ឬមិនមានឆន្ទះធ្វើអន្តរាគមន៍យោធាដោយផ្ទាល់ដើម្បីការពារតៃវ៉ាន់ទេ ចង់ ឬមិនចង់ គំនិតចង់បានអាវុធនុយក្លេអ៊ែរអាចនឹងកាន់តែរីកសាយ។
កត្តាចុងក្រោយគេ៖ នោះគឺជាអ្វីដែលក្រុមមន្ត្រីកូរ៉េខាងត្បូងកំពុងព្រួយបារម្ភ ពីលទ្ធភាពសហរដ្ឋអាមេរិកអាចនឹងដកកងទ័ពចេញពីឧបទ្វីបកូរ៉េ ដែលអាចនឹងកាន់តែធ្វើឱ្យគំនិតចង់បាន អាវុធនុយក្លេអ៊ែររីកសាយរឹតតែធំ។ ពិតមែនទៅ ដរាបណាសម្ព័ន្ធភាពជាមួយសហរដ្ឋអាមេរិកនៅតែផ្ដល់នូវទំនុកចិត្ត និងមានភាពរឹងមាំ សម្ព័ន្ធមិត្តរបស់អាមេរិកអាចនឹងជ្រើសរើសយក ជម្រើសផ្សេង ជាជាងចង់បានអាវុធនុយក្លេអ៊ែរផ្ទាល់ខ្លួន។ ជាឧទាហរណ៍ ទោះជាអ៉ីរ៉ង់សម្រេចចិត្តផលិតអាវុធនុយក្លេអ៊ែរក៏ដោយ ក៏ការធានាសន្តិសុខដ៏រឹងមាំរបស់សហរដ្ឋអាមេរិកចំពោះ អារ៉ាប៊ីសាអូឌីត និងការគាំទ្រដល់កម្មវិធីនុយក្លេអ៊ែរស៊ីវិលរបស់ទីក្រុងរីយ៉ាដ អាចរារាំងកុំឱ្យអារ៉ាប៊ីសាអូឌីតជ្រើសផ្លូវដើរទៅរកការផលិតអាវុធនុយក្លេអ៊ែរ។ ក៏ប៉ុន្តែ បើសហរដ្ឋអាមេរិកហ៊ានតែ រាថយវិញ នោះសម្ព័ន្ធមិត្តរាប់ចាប់តាំងពីតំបន់អឺរ៉ុបខាងកើត រហូតដល់អាស៊ីខាងកើតអាចនឹងមានអារម្មណ៍ថាពួកគេត្រូវតែធ្វើការជ្រើសរើសជម្រើសមួយរវាង «អាវុធនុយក្លេអ៊ែរ និងអាយុជីវិតជាតិ» របស់ពួកគេ ហើយនេះជាហេតុផលដែលការជជែកវែកញែកពីមហិច្ឆតាអាវុធនុយក្លេអ៊ែរកាន់តែផុលផុសឡើង ក្នុងយុគសម័យរបស់លោក ដូណាល់ ត្រាំ។
ប្រសិនបើលោក ត្រាំ អាចត្រឡប់មកកាន់តំណែងជាប្រធានាធិបតីអាមេរិកសាជាថ្មី ក្នុងការបោះឆ្នោតនៅខែវិច្ឆិកាខាងមុខ លោកទំនងជានឹងមិនដកសហរដ្ឋអាមេរិកចេញពីសម្ព័ន្ធភាពជាមួយ សម្ព័ន្ធមិត្តរបស់ខ្លួន តួយ៉ាងដូចជាកូរ៉េខាងត្បូងនោះទេ។ ដ្បិតបើធ្វើបែបនេះលោក ត្រាំ និងសហរដ្ឋអាមេរិក ក៏អស់ឥទ្ធិពលលើសម្ព័ន្ធមិត្តរបស់ខ្លួនដែរ។ តែលោក ត្រាំ អាចនឹងបន្តអនុវត្ត គោលនយោបាយដែលធ្វើឱ្យគេសង្ស័យចំពោះការប្ដេជ្ញាចិត្តភូមិសាស្ត្រនយោបាយរបស់សហរដ្ឋអាមេរិក ខណៈទីប្រឹក្សា និងមនុស្សនៅជុំវិញរូបលោកមួយចំនួនថែមទាំងធ្លាប់បាននិយាយ ទៀតផងថាការអនុញ្ញាតឱ្យសម្ព័ន្ធមិត្តអាមេរិកមានអាវុធនុយក្លេអ៊ែរ វាមិនមែនជារឿងអាក្រក់ទាំងអស់នោះទេ។ អាណត្តិទី២ណាមួយរបស់លោក ត្រាំ អាចនឹងក្លាយជាយុគសម័យថ្មីមួយនៃការភ័យខ្លាចពី នុយក្លេអ៊ែរ ហើយបើសហរដ្ឋអាមេរិកនៅថ្ងៃណាមួយ បោះបង់ចោលអំណាច និងការប្ដេជ្ញាចិត្តទ្រទ្រង់សណ្ដាប់ធ្នាប់នៃការមិនរីកសាយអាវុធនុយក្លេអ៊ែរ នោះសណ្ដាប់ធ្នាប់មួយនេះនឹងត្រូវដួលរលំនៅកន្លែងជាច្រើន ក្នុងពេលតែមួយ៕