(មូស្គូ)៖ កាលពីថ្ងៃសុក្រសប្តាហ៍នេះ វិមានក្រឹមឡាំងបាននិយាយថា ខ្លួនមិនបារម្ភខ្លាច ម៉ុងហ្គោលីអាចនឹងចាប់ខ្លួន ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន អំឡុងការបំពេញទស្សនកិច្ចរបស់លោកនៅទីនោះ នាសប្តាហ៍ក្រោយឡើយ បើទោះបីជាតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC និយាយថា ប្រទេសទាំងអស់ដែលជាសមាជិក មានកាតព្វកិច្ចត្រូវអនុវត្តដីកាឃាត់ខ្លួនរូបលោក ក៏ដោយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសៅរ៍ ទី៣១ ខែសីហា ឆ្នាំ២០២៤។
លោក ពូទីន នឹងធ្វើដំណើរទៅកាន់ប្រទេសម៉ុងហ្គោលី នាថ្ងៃអង្គារសប្តាហ៍ក្រោយ។ វានឹងជាដំណើរទស្សនកិច្ចដំបូងបំផុតរបស់លោក ទៅកាន់ប្រទេសដែលជាសមាជិករបស់ ICC គិតចាប់តាំងតែពីតុលាការអន្តរជាតិមួយនេះ បានចេញដីកាបង្គាប់ឱ្យចាប់ខ្លួនរូបលោក កាលពីខែមីនា ឆ្នាំមុន ជុំវិញការចោទប្រកាន់ឧក្រិដ្ឋកម្មសង្រ្គាម ពាក់ព័ន្ធវិបត្តិសង្រ្គាមឈ្លានពាននៅអ៊ុយក្រែន។ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយដូច្នេះថា «វាគ្មានអ្វីត្រូវបារម្ភឡើយ។ យើងមានកិច្ចសន្ទនាល្អណាស់ជាមួយមិត្តយើង នៅម៉ុងហ្គោលី»។
គួរបញ្ជាក់ថា កាលពីថ្ងៃសុក្រ អ្នកនាំពាក្យតុលាការ ICC បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ប្រទេសទាំងអស់ ដែលបានចុះហត្ថលេខាលើ លក្ខន្តិកៈទីក្រុងរ៉ូមរបស់តុលាការ មានកាតព្វកិច្ចត្រូវតែសហការ។ ទោះជាបែបនេះក្តី តុលាការ ICC មិនអាចធ្វើអ្វីបាននោះទេ ប្រសិនបើម៉ុងហ្គោលីមិនអនុវត្តតាមដីការបស់ខ្លួន។ កាលពីថ្ងៃសុក្រ អ៊ុយក្រែនក៏បានអំពាវនាវឱ្យម៉ុងហ្គោលី អនុវត្តដីកាបង្គាប់ចាប់ខ្លួនរបស់ ICC ផងដែរ នៅពេលលោក ពូទីន ទៅបំពេញទស្សនកិច្ច។ ដោយឡែក ខាងអាជ្ញាធរម៉ុងហ្គោលី មិនទាន់ធ្វើការអត្ថាធិប្បាយណាមួយ នៅឡើយទេ ជុំវិញរឿងនេះ៕