(ប៉េកាំង)៖ ថ្ងៃទី២៩ ខែសីហា លោក Lin Jian អ្នកនាំពាក្យក្រសួងការបរទេសចិនបានលើកឡើងថា ការសម្រេចបាននូវទំនើបកម្ម ជាការស្វែងរករួមរបស់ប្រទេសចិននិងអាហ្វ្រិក ភាគីចិនរីករាយពួតដៃជាមួយភាគីអាហ្វ្រិក ដើម្បីរួមគ្នាឆ្ពោះទៅរកដំណើរទំនើបកម្មថ្មី និងរួមគ្នាប្រមូលផ្តុំកម្លាំងចលករកាន់តែច្រើន សម្រាប់ជំរុញទំនើបកម្មពិភពលោក និងការអភិវឌ្ឍរួមរបស់មនុស្សជាតិ។

លោក Lin Jian បានលើកឡើងថា ជានិច្ចកាល ប្រទេសចិនតែងតែគាំទ្រយ៉ាងរឹងមាំ ចំពោះអាហ្វ្រិកក្នុង ការស្វែងរកមាគ៌ាអភិវឌ្ឍន៍ ដោយម្ចាស់ការ ព្រមទាំងផ្តោតសំខាន់ទៅលើវិស័យចំនួន៣ ដែលត្រូវជំរុញការធ្វើទំនើបកម្មជាបន្ទាន់ ហើយបំផុសឱ្យមាន “គំនិតផ្តួចផ្តើមស្តីពីការគាំទ្រឧស្សាហូបនីយកម្មរបស់អាហ្វ្រិក អនុវត្ត “ផែនការស្តីពីប្រទេសចិនផ្តល់ជំនួយ ដល់ការធ្វើទំនើបកម្មកសិកម្មរបស់អាហ្វ្រិក”និង “ផែនការសហប្រតិបត្តិការផ្នែកបណ្តុះបណ្តាលធនធានមនុស្ស”ក្រោមក្របខ័ណ្ឌវេទិកាសហប្រតិបត្តិការ រវាងប្រទេសចិននិងអាហ្វ្រិក ព្រមទាំងគាំទ្រការអភិវឌ្ឍនិងភាពរុងរឿង របស់អាហ្វ្រិកតាមរយៈប្រតិបត្តិការជាក់ស្តែង។

ឆ្នាំ២០២៣ ទំហំពាណិជ្ជកម្មរវាងប្រទេសចិននិងអាហ្វ្រិក បានឡើងដល់២៨២១០០លានដុល្លារអាមេរិក ដែលជាកម្រិតខ្ពស់បំផុត ក្នុងប្រវត្តិសាស្ត្រ ដែលបានផ្តល់ឱកាសការងារលើសពី១លាន១សែននាក់ សម្រាប់អាហ្វ្រិកក្នុងរយៈពេល៣ឆ្នាំកន្លងទៅនេះ។

វេទិកាសហប្រតិបត្តិការចិន-អាហ្វ្រិក ឆ្នាំ២០២៤ក្រោមប្រធានបទ “ចាប់ដៃគ្នាជំរុញទំនើបកម្ម រួមគ្នាកសាង សហគមន៍រួមវាសនាកម្រិតខ្ពស់ រវាងប្រទេសចិននិងអាហ្វ្រិក” នឹងបើកធ្វើនៅសប្តាហ៍ក្រោយ៕