(ប៉េកាំង)៖ នៅថ្ងៃទី ២៩ ខែសីហា លោក X i Jinping ប្រធានរដ្ឋចិនបានជួបពិភាក្សាជាមួយលោក Jake Sullivan ឧបការីប្រធានាធិបតីអាមេរិកទទួលបន្ទុក កិច្ចការសន្តិសុខជាតិនៅទីក្រុងប៉េកាំង។ លោកប្រធានរដ្ឋចិន X i Jinping បានសង្កត់ធ្ងន់ថា នៅពេលប្រទេសចិននិងសហរដ្ឋអាមេរិក ដែលជាប្រទេសធំទាំងពីរធ្វើការប្រាស្រ័យទាក់ទងគ្នា ភារកិច្ចចម្បង គឺត្រូវបង្កើតការយល់ដឹងជាយុទ្ធសាស្ត្រដ៏ត្រឹមត្រូវ ជាបឋមគឺត្រូវឆ្លើយឱ្យបានល្អនូវបញ្ហាដ៏សំខាន់បំផុតដែលថា តើចិននិងអាមេរិកជាគូប្រជែងឬមួយក៏ជាដៃគូ ? រពឹងថា ភាគីអាមេរិកអាចដើរស្របទិសដៅជាមួយភាគីចិន ដើម្បីស្វែងរកវិធីសាស្រ្តដ៏ត្រឹមត្រូវ សម្រាប់ឱ្យប្រទេសទាំងពីរ ចិននិងអាមេរិកដែលមានអរិយធម៌ ប្រព័ន្ធរបបនិងផ្លូវអភិវឌ្ឍន៍ខុសៗគ្នា រួមរស់ដោយសន្តិសហវិជ្ជមាននិងទទួលបានការអភិវឌ្ឍរួមនៅលើភពផែនដីនេះ។
លោក Jake Sullivan បានរំលឹកឡើងវិញនូវពាក្យសន្យារបស់អាមេរិកស្តីពី "បួនចំណុចមិនធ្វើនិងគ្មានបំណងចំនួនមួយ" ហើយរំពឹងទុកអាចបន្តរក្សាការប្រាស្រ័យទាក់ទងជាយុទ្ធសាស្ត្រ ជាមួយប្រទេសចិន ដើម្បីស្វែងរកវិធីសាស្ត្រសម្រាប់ឱ្យប្រទេសទាំងពីរ អាមេរិកនិងចិនរួមរស់ដោយសន្តិសហវិជ្ជមាននិងធ្វើឱ្យ ទំនាក់ទំនងរវាងអាមេរិកនិងចិន ទទួលបានការអភិវឌ្ឍជានិរន្តរភាព។
ដំណើរទស្សនកិច្ចរបស់លោក Jake Sullivan នៅប្រទេសចិនលើកនេះ គឺដើម្បីធ្វើការសន្ទនាជាយុទ្ធសាស្ត្រជុំថ្មីជាមួយប្រទេសចិន ។ នេះគឺជាវិធានការដ៏សំខាន់មួយទៀតសម្រាប់ឱ្យភាគីទាំងពីរអនុវត្តគំនិតឯកភាពរួមដែលប្រមុខរដ្ឋនៃប្រទេសទាំងពីរបានឈានដល់នៅក្រុងសាន់ហ្វ្រាន់ស៊ីស្កូ ។ យោងតាមការរាយការណ៍នៃរដ្ឋាភិបាលចិនឱ្យដឹងថា ភាគីទាំងពីរបានធ្វើការពិគ្រោះពិភាក្សាប្រកបដោយ ភាពស្មោះត្រង់ ភាពជាក់ស្តែងនិងមានលក្ខណៈស្ថាបនា ហើយក៏បានពិភាក្សាអំពីការធ្វើអន្តរកម្មជុំថ្មីរវាងប្រមុខរដ្ឋ នៃប្រទេសទាំងពីរនាពេលខាងមុខផងដែរ។ សំដៅចំពោះការប្រាស្រ័យទាក់ទងជាន់ខ្ពស់ រវាងចិននិងអាមេរិកលើកនេះ សេតវិមានអាមេរិកក៏បានធ្វើការវាយតម្លៃជាវិជ្ជមានបង្គួរដែរ។ ប្រការទាំងនេះបានបង្ហាញឱ្យឃើញថា ភាគីទាំងពីរសុទ្ធតែមានឆន្ទៈ ក្នុងការគ្រប់គ្រងការខ្វែងគំនិតគ្នានិងរក្សាទំនាក់ទំនងរវាងប្រទេសទាំងពីរ ឱ្យមានស្ថិរភាពនិងមិនបាត់បង់ការគ្រប់គ្រង។
ប៉ុន្មានឆ្នាំចុងក្រោយនេះ មិនថាជាកិច្ចជំនួបតាមទូរស័ព្ទ រវាងប្រមុខរដ្ឋនៃប្រទេសចិននិងសហរដ្ឋអាមេរិក ឬមួយក៏កិច្ចជំនួបទល់មុខគ្នា រវាងភាគីទាំងពីរក៏ដោយ ក៏ចិនបានបញ្ចេញព័ត៌មានសំខាន់ ទៅកាន់ពិភពលោកជាប់រហូត ពោលគឺ ភពផែនដីនេះអាចផ្តល់លំហ កាន់តែទូលំទូលាយសម្រាប់ប្រទេសទាំងពីរ ចិននិងសហរដ្ឋអាមេរិក ភាពជោគជ័យរៀងៗខ្លួនរបស់ចិននិងអាមេរិក គឺជាកាលានុវត្តភាពសម្រាប់គ្នាទៅវិញទៅមក ភាគីចិនរំពឹងទុកអាចអភិវឌ្ឍឱ្យបានល្អ នូវទំនាក់ទំនងរវាងចិននិងអាមេរិក ។ ទាក់ទិននឹងចំណុចនេះ លោកប្រធានរដ្ឋចិន X i Jinping បានលើកឡើងថា ការរួមរស់ជាមួយគ្នារវាងចិននិងអាមេរិក ក្នុងយុគសម័យថ្មីគួរតែប្រកាន់ខ្ជាប់នូវគោលការណ៍ទាំងបី ពោលគឺ គោរពគ្នាទៅវិញទៅមក រួមរស់ដោយសន្តិសហវិជ្ជមាន និងធ្វើកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ហើយបានអំពាវនាវឱ្យភាគីទាំងពីររួមគ្នាធ្វើកិច្ចខិតខំប្រឹងប្រែង ដើម្បីពូនជ្រំ "សសរស្តម្ភទាំង៥" នៃទំនាក់ទំនងរវាងចិននិងអាមេរិក។ អាចឃើញថា ជុំវិញបញ្ហាថា តើចិននិងអាមេរិកត្រូវធ្វើយ៉ាងដូចម្តេច ដើម្បីសែ្វរកវិធីសាស្រ្តរួមរស់ជាមួយគ្នាដ៏ត្រឹមត្រូវ ប្រទេសចិនមិនត្រឹមតែមានបំណងវិជ្ជមានប៉ុណ្ណោះទេ ថែមទាំងក៏មាន"ផែនទីបង្ហាញផ្លូវ"អំពីប្រតិបត្តិការផងដែរ។
មជ្ឈដ្ឋានខាងក្រៅបានចាប់អារម្មណ៍ថា ក្នុងដំណើរទស្សនកិច្ចលើកនេះ លោក Jake Sullivan បានរំលឹកឡើងវិញពី គំនិតផ្តួចផ្តើមរបស់អាមេរិកស្តីពី "បួនចំណុចមិនធ្វើនិងគ្មានបំណងចំនួនមួយ" ហើយបានឯកភាពគ្នាថា ត្រូវប្រកាន់អាកប្បកិរិយា ដ៏យុត្តិធម៌ជាមួយគូភាគី សហរដ្ឋអាមេរិកនិងចិននឹងរួមរស់ដោយសន្តិសហវិជ្ជមាន ជាយូរអង្វែងនៅលើភពផែនដីនេះ ។ អាកប្បកិរិយាទាំងនេះគឺ ពោរពេញទៅដោយភាពសកម្មកម្រិតខ្ពស់។ ប៉ុន្តែ បញ្ហាគន្លឹះគឺ ភាគីអាមេរិកត្រូវអនុវត្ត យ៉ាងប្រាកដប្រជានូវពាក្យសន្យាទាំងនេះ ហើយត្រូវកម្ចាត់ "ជំងឺរ៉ាំរ៉ៃ" របស់ខ្លួនដែលនៃនិយាយផ្សេងធ្វើផ្សឹង។
ការព្រួយបារម្ភបែបនេះ គឺបានមកពីការពិតជាក់ស្តែង ពោលគឺ ចាប់តាំងពីកិច្ចជំនួបរវាងប្រមុខរដ្ឋនៃប្រទេសទាំងពីរ នៅក្រុងសាន់ហ្វ្រាន់ស៊ីស្កូមក មួយផ្នែក ភាគីអាមេរិកបានស្វែងរក ការបង្កើនការប្រាស្រ័យទាក់ទងជាមួយប្រទេសចិន ប៉ុន្តែមួយផ្នែកទៀត ភាគីអាមេរិកនៅតែរិះរកមធ្យោបាយដើម្បីគាបសង្កត់ និងទប់ស្កាត់ការអភិវឌ្ឍរបស់ចិនដដែល រហូតដល់បានដាក់កម្លាំងសម្ពាធ កាន់តែខ្លាំងថែមមួយកម្រិតទៀត។ ប្រសិនបើភាគីអាមេរិកមិនផ្លាស់ប្តូរយុទ្ធសាស្ត្រ ដែលគាបសង្កត់និងទប់ស្កាត់ការអភិវឌ្ឍរបស់ចិនទេ នោះ ទំនាក់ទំនងរវាងចិននិងអាមេរិក ក៏មិនមានភាពល្អប្រសើរឡើងដ៏ពិតប្រាកដឡើយ។
ក្នុងនាមជាទំនាក់ទំនងទ្វេភាគីដ៏សំខាន់បំផុតលើពិភពលោក តើចិននិងអាមេរិកគួររួមរស់ជាមួយគ្នាតាមរបៀបណា វាមិនត្រឹមតែបានពាក់ព័ន្ធ នឹងផលប្រយោជន៍របស់ប្រទេសទាំងពីរប៉ុណ្ណោះទេ ថែមទាំងក៏បានបង្កើតនិន្នាការវិវឌ្ឍ របស់ពិភពលោកក្នុងមួយកម្រិតធំផងដែរ ។ ដូចប្រសាសន៍របស់លោកប្រធានរដ្ឋចិន Xi Jinping ដែលបានលើកឡើងថា ក្នុងនាមជាប្រទេសធំទាំងពីរ ចិននិងសហរដ្ឋអាមេរិកគួរតែទទួលខុសត្រូវ ចំពោះប្រវត្តិសាស្ត្រ ចំពោះប្រជាជននិងចំពោះពិភពលោក ហើយគួរតែក្លាយជាប្រភពលំនឹង នៃការគាំពារសន្តិភាពពិភពលោក និងជាម៉ាស៊ីនជំរុញនៃការអភិវឌ្ឍរួម៕
វិទ្យុមិត្តភាពកម្ពុជាចិន