(មូស្គូ)៖ មនុស្ស ៥នាក់បានស្លាប់ និង ៤៦នាក់រងរបួសនៅក្នុងការវាយប្រហាររបស់អ៊ុយក្រែនលើទីក្រុងនៃតំបន់ Belgorod ភាគនិរតីប្រទេសរុស្ស៉ី កាលពីយប់ថ្ងៃសុក្រ (ម៉ោងក្នុងតំបន់) ដោយអភិបាលតំបន់និយាយថា វាជាការវាយប្រហារថ្មីមួយទៀតអ៊ុយក្រែន មកលើទីក្រុងក្នុងតំបន់នេះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី៣១ ខែសីហា ឆ្នាំ ២០២៤។
លោក Vyacheslav Gladkov និយាយថា ក្នុងចំណោមអ្នករបួសទាំងអស់ មាន៣៧នាក់រួមទាំងកុមារ ៧នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងតំបន់ ដែលស្ថិតនៅចម្ងាយ ៤០ គីឡូម៉ែត្រ ភាគខាងជើងព្រំដែនជាមួយអ៊ុយក្រែន។ អាជ្ញាធរក៏បានរាយការណ៍ផងដែរថា ស្រ្តីម្នាក់បានរងរបួសនៅថ្ងៃសៅរ៍នេះ ក្នុងអំឡុងពេលមានការបាញ់ផ្លោងរបស់អ៊ុយក្រែន ទៅកាន់ទីក្រុងព្រំដែន Shebekino នៃតំបន់ Belgorod។
ក្រសួងការបរទេសរុស្ស៉ី បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោស ដោយបញ្ជាក់ថា «ជាថ្មីម្តងទៀត យើងសូមអំពាវនាវដល់បណ្តារដ្ឋាភិបាលដែលមានទំនួសខុសត្រូវទាំងអស់ និងអ្នកពាក់ព័ន្ធចូលរួមថ្កោលយ៉ាងដាច់អហង្ការ ចំពោះការវាយប្រហាររបស់ទីក្រុងកៀវ»។ ក្រសួងបានបន្ថែមថា «ប្រតិបត្តិការយោធាពិសេសរបស់រុស្ស៉ី នឹងបន្តរហូតដល់សម្រេចគោលដៅទាំងអស់»។
គួរបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ អ៊ុយក្រែនបានបង្កើនការវាយប្រហារលើតំបន់ Belgorod និងតំបន់ព្រំដែនរុស្ស៉ីផ្សេងៗទៀត៕