(មូស្គូ)៖ អាជ្ញាធរក្នុងតំបន់និយាយថា ការវាយប្រហារដោយគ្រាប់បែកកំណត់គោលដៅរបស់រុស្ស៉ី ទៅលើទីក្រុង Khariv ភាគឦសាប្រទេសអ៊ុយក្រែន បានចំត្រូវអគារលំនៅដ្ឋាន និងសួនកុមារមួយកន្លែង កាលពីថ្ងៃសុក្រសប្តាហ៍នេះ បណ្តាលឱ្យមនុស្ស ៧នាក់ស្លាប់ និងរបួស ៧៧នាក់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី៣១ ខែសីហា ឆ្នាំ ២០២៤។

ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី និយាយថា ក្មេងស្រីអាយុ ១៤ឆ្នាំម្នាក់ស្ថិតក្នុងចំណោមអ្នកស្លាប់។ អភិបាលក្រុង Kharkiv លោក Ihor Terekhov បានឱ្យដឹងថា អគារស្នាក់នៅកម្ពស់ ១២ជាន់ បានឆាបឆេះក្រោយការវាយប្រហារនោះ ហើយអ្នកស្លាប់កើនឡើងដល់ ៧នាក់។ ក្នុងចំណោមអ្នករបួស មានប្រហែល ២០នាក់ស្ថិតក្នុងសភាពធ្ងន់ធ្ងរ។ ដោយឡែក រថយន្ត​ជា​ច្រើន​គ្រឿងដែល​ចត​នៅ​ខាង​ក្រៅ​អគារ ក៏ត្រូវបាន​ភ្លើង​ឆាបឆេះផងដែរ។ តាមអាជ្ញាធរអ៊ុយក្រែននោះ អាចកំណត់គោលដៅចេញពីយន្តហោះនៅតំបន់ Belgorod របស់រុស្ស៉ី។

គួរបញ្ជាក់ថា Kharkiv គឺជាចំណុចផ្តោតសំខាន់នៃការទម្លាក់គ្រាប់បែកយ៉ាងខ្លាំងក្លារបស់រុស្ស៉ី ក្នុងសង្រ្គាមជាមួយអ៊ុយក្រែន បើទោះបីជាមានការថយចុះក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះក្តី ហើយទំនងជាមានសកម្មភាពឡើងវិញ ដោយសារតែការវាយលុករបស់អ៊ុយក្រែន ចូលតំបន់ក្នុងតំបន់ Kursk របស់រុស្ស៉ី៕