(ហ្ស៊េរុយសាឡិម)៖ យោធាអ៉ីស្រាអែល នៅថ្ងៃអាទិត្យ ទី១ ខែកញ្ញានេះបាននិយាយថាកងកម្លាំងរបស់ខ្លួន បានរកឃើញសាកសពចំណាប់ខ្មាំង ៦នាក់ ក្នុងផ្លូវរូងក្រោមដី មួយកន្លែង ស្ថិតនៅភាគខាងត្បូងនៃតំបន់ហ្កាហ្សា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

តាមអ្នកនាំពាក្យយោធាអ៉ីស្រាអែល លោក Daniel Hagari ចំណាប់ខ្មាំងទាំងនោះត្រូវបានក្រុមហាម៉ាសសម្លាប់។ អ្នកនាំពាក្យរូបនេះបានបញ្ជាក់ដូច្នេះថា «ផ្អែកលើ ការវាយតម្លៃបឋម ពួកគេ (ចំណាប់ខ្មាំង) ត្រូវបានសម្លាប់ដោយពួកភេរវករហាម៉ាស ក្នុងរយៈពេលខ្លី មុននឹងពួកយើងបានទៅដល់ពួកគេ»។ លោក Hagari បានបន្តថា ចំណាប់ខ្មាំងទាំង៦នាក់ដែលមានឈ្មោះ Carmel Gat, Hersh Goldberg-Polin, Eden Yerushalmi, Alexander Lobanov, Almog Sarusi និង Ori Danino ត្រូវបានរកឃើញនៅឯផ្លូវរូងក្រោមដីមួយ ក្នុងទីក្រុង Rafah ហើយសពរបស់ពួកគេត្រូវបញ្ជូនត្រឡប់ទៅអ៉ីស្រាអែល។

ភ្លាមៗ នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu ដែលកំពុងរងសម្ពាធទាំងនៅក្នុងស្រុក និងក្រៅស្រុក ឱ្យរូបលោកសម្រេចឱ្យបានបទឈប់បាញ់ ជាថ្នូរ នឹងការដោះលែងចំណាប់ខ្មាំង មិនបានធ្វើអត្ថាធិប្បាយអ្វីទេ។ ចំណែក ក្រុមហាម៉ាសក៏មិនបានធ្វើអត្ថាធិប្បាយអ្វីនោះដែរ ឆ្លើយតបទៅនឹងការចោទប្រកាន់ពីអ៉ីស្រាអែល៕