(ឡុងដ៍)៖ ចក្រភពអង់គ្លេស នឹងព្យួរភ្លាមៗនូវអាជ្ញាប័ណ្ណចំនួន៣០ នៃអាជ្ញាប័ណ្ឌនាំចេញអាវុធ៣៥០ ជាមួយអ៉ីស្រាអែល ដោយបារម្ភខ្លាចថាអាវុធទាំងនោះអាចនឹងត្រូវបាន ប្រើប្រាស់ក្នុងការប្រព្រឹត្តអំពើរំលោភបំពានធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ។ នេះជាការបញ្ជាក់ពីប្រមុខការទូតអង់គ្លេស ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក David Lammy បានឱ្យដឹងកាលពីថ្ងៃចន្ទ ទី២ ខែកញ្ញាថាការសម្រេចចិត្តព្យួរអាជ្ញាប័ណ្ណនាំចេញអាវុធមួយផ្នែកខាងលើ មិនមែនជាបម្រាម ឬការដាក់ទណ្ឌកម្មហាមនាំចេញអាវុធទៅឱ្យអ៉ីស្រាអែលនោះឡើយ។ ប៉ុន្តែ ការហាមឃាត់នេះ គឺមានពាក់ព័ន្ធនឹងអាវុធដែលត្រូវបានបារម្ភថាអាចនឹងត្រូវបានប្រើនៅក្នុងសង្រ្គាម សព្វថ្ងៃរវាងអ៉ីស្រាអែល និងក្រុមហាម៉ាសនៅក្នុងតំបន់ហ្កាហ្សា តែប៉ុណ្ណោះ។ ថ្លែងទៅកាន់សមាជិកសភា លោក Lammy បានកត់សម្គាល់ថា «ជាការពិត យើងទទួលស្គាល់នូវ ភាពចាំបាច់របស់អ៉ីស្រាអែល ដើម្បីការពារខ្លួនប្រឆាំងនឹងការគំរាមកំហែង. ប៉ុន្តែយើងមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីវិធីសាស្ត្រដែលអ៉ីស្រាអែលកំពុងអនុវត្ត ព្រមទាំង សេចក្ដីរាយការណ៍ពីការស្លាប់របស់ជនស៊ីវិល និងការបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធស៊ីវិល»។
ប្រមុខការទូតរូបនេះបន្ថែមថា ការព្យួរអាជ្ញាប័ណ្ណនាំចេញអាវុធមួយផ្នែកខាងលើមិនមានជាប់ទាក់ទិននឹងបរិក្ខារដែលធ្វើឱ្យប៉ះពាល់ដល់សន្តិសុខអ៉ីស្រាអែលនោះទេ ហើយថា អង់គ្លេសនៅតែបន្តគាំទ្រសិទ្ធិស្វ័យការពារខ្លួនរបស់អ៉ីស្រាអែល។
គួរបញ្ជាក់ថា ទាំងអ៉ីស្រាអែល និងក្រុមហាម៉ាស សុទ្ធតែកំពុងស្ថិតក្រោមការស៊ើបអង្កេត ជុំវិញការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មសង្រ្គាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ នៅក្នុង សង្រ្គាមហ្កាហ្សាដែលបានផ្ទុះឡើងកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣មក ក្រោយហាម៉ាសវាយប្រហារលើភាគខាងត្បូងអ៉ីស្រាអែលដោយសម្លាប់មនុស្សជាង ១២០០នាក់។ អ៉ីស្រាអែលវិញបានសងសឹក ដោយទម្លាក់គ្រាប់បែក និងបើកការវាយលុកចូលតំបន់ហ្កាហ្សាដើម្បីកម្ទេចក្រុមហាម៉ាស។ តែក្នុងពេលតាមកម្ទេចហាម៉ាស ជនជាតិប៉ាឡេស្ទីនជាង ៤០ ៧០០នាក់ហើយត្រូវបានសម្លាប់៕