(មូស្គូ)៖ លោកប្រធាធិបតី វ្ល៉ាឌីមៀ ពូទីន បាននិយាយនៅថ្ងៃចន្ទសប្តាហ៍នេះថា កងកម្លាំងរុស្ស៉ីកំពុងរីកចម្រើនទៅមុខ នៅក្នុងសមរភូមិភាគខាងកើតអ៊ុយក្រែន ជាជាងអ្វីដែលពួកគេសម្រេចបានកន្លងមក ដោយចាប់យកទឹកដីច្រើនគីឡូម៉ែត្រក្រឡា ក្នុងមួយថ្ងៃ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៣ ខែសីហា ឆ្នាំ ២០២៤។

ក្នុងពេលជួបសំណេះសំណាលជាមួយសិស្ស នៅឯសាលាបឋមសិក្សាមួយ ក្នុងទីក្រុង Kyzyl នៃតំបន់ Tuva លោក​ ពូទីន អះអាងដូច្នេះថា «យើងមិនធ្លាប់រីកចម្រើនលឿនបែបនេះទេ សម្រាប់ការវាយលុកនៅក្នុងតំបន់ Donbas អស់រយៈពេលយូរមកហើយ។ ឥលូវនេះ កងកម្លាំងប្រដាប់អាវុធរុស្ស៉ី កំពុងនាំយកទឹកដីឱ្យមកស្ថិតក្រោមការគ្រប់គ្រង ហើយមិនមែនពី ២០០ម៉ែត្រទៅ ៣០០ម៉ែត្រនោះទេ ប៉ុន្តែជាគីឡូម៉ែត្រក្រឡា»

គួរបញ្ជាក់ថា កងកម្លាំងរុស្ស៉ី ដែលកំពុងគ្រប់គ្រងទឹកដីប្រហែល ១៨ភាគរយក្នុងតំបន់របស់អ៊ុយក្រែន បាននិងកំពុងបង្កើនការវាយលុក នៅភាគខាងកើតប្រទេសអ៊ុយក្រែន។ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ក៏បានទទួលស្គាល់ផងដែរ អំពីស្ថានភាពលំបាកនៅភាគខាងកើតប្រទេស ជាពិសេសនៅក្បែរទីក្រុង Pokrovsk ប៉ុន្តែថាយោធារុស្ស៉ីមិនបានបង្កើនការវាយលុកទេ ក្នុងរយៈពេល ២ថ្ងៃកន្លងមក៕