(គីនស្ហាសា)៖ រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ បាននិយាយថា មនុស្សយ៉ាងហោច១២៩នាក់ បានបាត់បង់ជីវិត ពេលព្យាយាមរត់គេចខ្លួន ចេញពីពន្ធនាគារ Makala នៅក្នុងរដ្ឋធានីគីនស្ហាសា (Kinshasa) កាលពីយប់ថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ ប៉ុន្តែឥឡូវស្ថានការណ៍ ស្ថិតក្រោមការគ្រប់គ្រងបានហើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី៣ ខែកញ្ញា ឆ្នាំ២០២៤។
រដ្ឋមន្រ្តីមហាផ្ទៃនៃប្រទេសអាហ្រ្វិកកណ្តាលមួយនេះ គឺលោក Shabani Lukoo បានប្រាប់ឱ្យដឹងថា សកម្មភាពប៉ុនប៉ងហែកគុក ក្នុងទ្រង់ទ្រាយធំ នៅឯពន្ធនាគារ Makala បានបណ្តាលឱ្យមានមនុស្សស្លាប់ជាច្រើននាក់ រួមជាមួយការខូតខាតសម្ភារធ្ងន់ធ្ងរ។ នៅមុននោះ មន្រ្តីពន្ធនាគារម្នាក់ បានអះអាងថា ពុំមានអ្នកទោសណាម្នាក់ បានរត់គេចខ្លួន ដោយជោគជ័យឡើយ ខណៈអ្នកដែលបានព្យាយាមរត់គេចខ្លួន គឺត្រូវបានសម្លាប់ទាំងអស់។ ខាងរដ្ឋាភិបាលកំពុងបើកការស៉ើបអង្កេត ជុំវិញហេតុការណ៍នេះ។
គួរបញ្ជាក់ថា បើតាមលោក Lukoo អំឡុងហេតុការណ៍ខាងលើ ក៏មានគ្រោះអគ្គិភ័យកើតមានឡើង នៅអគាររដ្ឋបាល ឃ្លាំងអាហារ និងមន្ទីរពេទ្យរបស់ពន្ធនាគារ ផងដែរ៕