(វ៉ាស៊ីនតោន)៖ បេក្ខជនប្រធានាធិបតីអាមេរិក មកពីគណបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ បាននិយាយសាឡើងវិញថាលោកពិតជាមានផែនការដែលអាចបញ្ចប់សង្រ្គាមរវាង រុស្ស៉ី និងអ៊ុយក្រែន ប៉ុន្តែនឹងបញ្ចេញផែនការទាំងនោះ លុះត្រាតែលោកទទួលជ័យជម្នះក្នុងការបោះឆ្នោតប្រធានាធិបតីនៅខែវិច្ឆិកាខាងមុខតែប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន AFP។
លោក ដូណាល់ ត្រាំ ធ្វើការកត់សម្គាល់បែបនេះ ក្នុងកម្មវិធី Lex Fridman podcast ចេញផ្សាយកាលពីថ្ងៃទី៣ ខែកញ្ញា និងចំពេលដែលរូបលោក និងបេក្ខជនប្រធានាធិបតី មកពី គណបក្សប្រជាធិបតេយ្យ លោកស្រី Kamala Harris កំពុងមានពិន្ទុប្រកៀកប្រកិតគ្នានៅក្នុងការស្ទង់មតិ។ លោក ត្រាំ បានលើកឡើងដូច្នេះថា «ប្រសិនបើខ្ញុំជាប់ឆ្នោតជាប្រធានាធិបតី ខ្ញុំនឹងបញ្ចេញកិច្ចព្រមព្រៀងមួយ...ខ្ញុំពិតជាមានផែនការមួយយ៉ាងជាក់លាក់ថាតើត្រូវបញ្ឈប់រុស្ស៉ី និងអ៊ុយក្រែនដោយរបៀបណា? ប៉ុន្តែខ្ញុំនឹងមិនអាចបញ្ចេញផែនការទាំងនោះឡើយ ពីព្រោះបើខ្ញុំបញ្ចេញ ខ្ញុំនឹងមិនអាចប្រើប្រាស់វាបានទេ ហើយផែនការទាំងនោះក៏នឹងមិនទទួលបានជោគជ័យនោះដែរ។ ដូចដែលអ្នកដឹង នេះផ្នែកមួយនៃភាពភ្ញាក់ផ្អើល»។
គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ កន្លងមកក៏ធ្លាប់បានអះអាងដែរថាលោកនឹងបញ្ចប់សង្រ្គាមអ៊ុយក្រែន ដោយប្រើពេលត្រឹមតែ ២៤ម៉ោងប៉ុណ្ណោះ ប្រសិនបើរូបលោកជាប់ឆ្នោតជា ប្រធានាធិបតី នៅខែវិច្ឆិកាខាងមុខ។ ប៉ុន្តែ លោកមិនបានបង្ហើបពីរបៀបដែលលោកចង់បញ្ចប់សង្រ្គាមនៅអ៊ុយក្រែនទេ។ លោក ត្រាំ បានទទួលរងការរិះគន់ជាច្រើនដោយសារតែ ការកោតសរសើរលោក ពូទីន ប្រធានាធិបតីរុស្ស៉ី ម្ដងហើយម្ដងទៀត។ លោកស្រី Kamala Harris វិញ បានសន្យាថានឹងបន្តគាំទ្រអ៊ុយក្រែន ហើយបញ្ជាក់ថាលោកស្រីនឹងមិនរាប់អាន ជាមួយជនផ្ដាច់ការនោះទេ៕