(Reuters)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី កាលពីថ្ងៃអង្គារ ទី៣ ខែកញ្ញា បានឱ្យដឹងថាលោកផ្ទាល់បានស្នើសុំឱ្យនាយករដ្ឋមន្ត្រីកាណាដា លោក ចាស្ទីន ទ្រូដូ (Justin Trudeau) ជួយបញ្ចុះបញ្ចូលបណ្ដាប្រទេសជាដៃគូលោកខាងលិច អនុញ្ញាតឱ្យអ៊ុយក្រែនវាយប្រហារលើគោលដៅយោធាលើទឹកដីរុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
តាមរយៈការបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម X លោក ហ្សេលេនស្គី បាននិយាយថាលោកបានជំរុញលោក ទ្រូដូ ជួយបញ្ចុះបញ្ចូលឱ្យសម្ព័ន្ធមិត្តបើកភ្លើងបៃតងសម្រាប់អ៊ុយក្រែន និងផ្ដល់ សមត្ថភាពចាំបាច់ ដើម្បីអាចវាយប្រហារចូលជ្រៅក្នុងទឹកដីរុស្ស៉ី។ ការកត់សម្គាល់របស់លោក ហ្សេលេនស្គីនេះដែរ ធ្វើឡើងក្រោយពីបានបើកកិច្ចពិភាក្សាតាមទូរស័ព្ទជាមួយលោក ទ្រូដូ។ ក្រោយ ការបង្ហោះសារលើ X លោក ហ្សេលេនស្គី ក៏បានសរសេរលើ Telegram ដែរថាលោក និងលោក ទ្រូដូ បានពិភាក្សាពីការរៀបចំសន្និសីទមួយ ដែលកាណាដាត្រូវបានរំពឹងថានឹងធ្វើជាម្ចាស់ផ្ទះ រៀបចំស្ដីពីប្រធានបទឈ្លើយសឹក។
កាណាដា ដែលជាសមាជិក NATO បានផ្ដល់ជំនួយយោធា និងហិរញ្ញវត្ថុសម្រាប់អ៊ុយក្រែន ចាប់តាំងពីសង្រ្គាមអ៊ុយក្រែនផ្ទុះឡើងកាលពីខែកុម្ភៈ ឆ្នាំ២០២២។ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ រដ្ឋាភិបាលកាណាដា បានបញ្ជាក់ថាលោក ទ្រូដូ បានប្រាប់លោក ហ្សេលេនស្គីថាការវាយប្រហាររបស់រុស្ស៉ីនឹងកាន់តែជួយពង្រឹងសាមគ្គីភាពសកល និងការប្ដេជ្ញាចិត្តនៅក្នុងការគំាទ្រអ៊ុយក្រែន៕