(យូអិន)៖ ប្រទេស្លូវេនី ដែលជាប្រធានប្តូរវេនប្រចាំខែកញ្ញា នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាតិ (UN) បានលើកឡើងថា ភាពអត់ធ្មត់ក្នុងចំណោមសមាជិកក្រុមប្រឹក្សា ហាក់ដូចជាអស់ហើយ ហើយស្ថាប័នដែលមានសមាជិកចំនួន ១៥នេះ ទំនងជានឹងពិចារណាចាត់វិធានការ ប្រសិនបើបទឈប់បាញ់មួយរវាងអ៉ីស្រាអែល-ហាម៉ាស មិនអាចសម្រេចបានឆាប់ៗទេនោះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៤ ខែកញ្ញា ឆ្នាំ ២០២៤។
បេសកជនរបស់ស្លូវេនីប្រចាំ UN លោក Samuel Zbogar គូសបញ្ជាក់ថា «មានការព្រួយបារម្ភនៅក្នុងក្រុមប្រឹក្សាសន្តិសុខ ជុំវិញវិធីសាស្រ្តជំរុញបទឈប់បាញ់ ឬអាចថាក្រុមប្រឹក្សាត្រូវពិចារណានូវជម្រើសអ្វីផ្សេងទៀត ដែលអាចនាំទៅរកបទឈប់បាញ់សម្រាប់តំបន់ហ្កាហ្សា»។ លោកប្រាប់ក្រុមអ្នកសារព័ត៌មានដូច្នេះថា «ខ្ញុំប្រាកដណាស់ថា នៅខែកញ្ញានេះ នឹងមានវិធានការ ឬវិធីសាស្រ្តមួយដែលត្រូវដាក់ចេញ ព្រោះមិនមែនយើងចង់នោះទេ ប៉ុន្តែក៏ព្រោះតែខ្ញុំគិតថា ភាពអត់ធ្មត់បានអស់ហើយ»។
គួរបញ្ជាក់ថា កាលពីខែមិថុនា ក្រុមប្រឹក្សាសន្តិសុខ UN បានដាក់ចេញនូវដំណោះស្រាយលេខ ២៧៣៥ ដោយគាំទ្រ ៣ចំណុចនៃផែនការប្រកាសដោយ លោក បៃដិន ប្រធានាធិបតីអាមេរិក សម្រាប់បទឈប់បាញ់ហ្កាហ្សា រួមទាំងការដោះលែងចំណាប់ខ្មាំងពីដៃក្រុមហាម៉ាស។ យ៉ាងនេះក្តី កិច្ចខិតខំប្រឹងប្រែងដឹកនាំដោយសហរដ្ឋអាមេរិក អេហ្ស៉ីប កាតា មិនទាន់ឈានដល់កិច្ចព្រមព្រៀងណាមួយនៅឡើយទេ រវាងអ៉ីស្រាអែល និងក្រុមហាម៉ាស មកទល់បច្ចុប្បន្ន៕