(វ៉ាស៊ីនតោន)៖ ក្រុមមន្ត្រីអាមេរិក បានឱ្យដឹងកាលពីថ្ងៃសុក្រ ទី៦ ខែកញ្ញាថាមនុស្សម្នាក់នៅក្នុងរដ្ឋ Missouri បានក្លាយជាអ្នកជំងឺដំបូងគេបំផុត នៅក្នុងសហរដ្ឋអាមេរិក ដែលត្រូវបានធ្វើតេស្ដវិជ្ជមានជំងឺផ្ដាសាយបក្សី ដោយមិនធ្លាប់ប៉ះពាល់សត្វដែលមានផ្ទុកជំងឺ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

អ្នកជំងឺជាមនុស្សពេញវ័យខាងលើដែលមានជំងឺប្រចាំកាយស្រាប់ផងនោះ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យសម្រាកព្យាបាល កាលពីថ្ងៃទី២២ ខែសីហា ហើយបានលេបថ្នាំ ប្រឆាំងវីរុសផ្ដាសាយ influenza។ ប៉ុន្តែ ដោយសារតែអាការៈផ្ដាសាយរបស់អ្នកជំងឺនេះមានលក្ខណៈគួរឱ្យសង្ស័យ អាជ្ញាធរសុខាភិបាលអាមេរិកក្នុងរដ្ឋ Missouri បានធ្វើតេស្ដ ហើយជាលទ្ធផលបង្ហាញថារូបគេបានឆ្លងជំងឺផ្ដាសាយបក្សីប្រភេទ H5។ ឥលូវ រូបគេបានជាសះស្បើយ និងត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យ។

គួរបញ្ជាក់ថា អ្នកជំងឺខាងលើគឺជាអ្នកជំងឺទី១៤ ដែលឆ្លងជំងឺផ្ដាសាយបក្សីប្រភេទ H5 នៅក្នុងសហរដ្ឋអាមេរិក នាឆ្នាំ២០២៤ និងជាមនុស្សដំបូងគេដែលឆ្លងជំងឺនេះដោយ មិនបានប៉ះពាល់សត្វឈឺ ឬផ្ទុកជំងឺ។ អ្នកជំងឺផ្ដាសាយបក្សីកន្លងមកនៅក្នុងសហរដ្ឋអាមេរិក ភាគច្រើនជាកម្មករធ្វើការនៅតាមកសិដ្ឋាន៕