(រ៉ូម)៖ នាយករដ្ឋមន្ត្រី លោកស្រី Giorgia Meloni បាននិយាយនៅថ្ងៃសៅរ៍នេះថា អ៉ីតាលីនឹងមិនងាករេឡើយក្នុងការគាំទ្រអ៊ុយក្រែន ហើយស្ថានការណ៍សង្រ្គាមបច្ចុប្បន្នបង្ហាញថា ការឆ្លើយតបរបស់លោកខាងលិចចំពោះការឈ្លានពានរបស់រស្ស៉ី លើអ្នកជិតខាងរបស់ខ្លួនគឺជារឿងត្រឹមត្រូវ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី៧ ខែកញ្ញា ឆ្នាំ ២០២៤។

បន្ទាប់ពីជួបប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅខាងក្រៅសន្និសីទមួយ លោកស្រី Meloni បានគូសបញ្ជាក់ថា «ការគាំទ្រអ៊ុយក្រែនគឺជាជម្រើសដំបូង និងសំខាន់បំផុតនៃផលប្រយោជន៍ជាតិ ហើយមិនដែលផ្លាស់ប្តូរទេ»។ លោកស្រីក៏បានលើកឡើងដែរថា «ខ្ញុំ​ជឿជាក់ថា ចិន និង​ឥណ្ឌា​ មាន​តួនាទី​ក្នុង​ការ​ដោះស្រាយ​ជម្លោះនេះ ហើយរឿងតែមួយគត់ដែលមិនអាចបណ្តោយឱ្យកើតឡើងបាន នោះគឺការគិតថាជម្លោះអាចត្រូវដោះស្រាយដោយការបោះបង់ចោលអ៊ុយក្រែន»។

គួរបញ្ជាក់ថា ការកត់សម្គាល់របស់នាយករដ្ឋអ៉ីតាលីនាពេលនេះ ធ្វើឡើងអំឡុងវេទិកាធុរកិច្ច TEHA ប្រចាំឆ្នាំ ដែលរៀបចំនៅឯភាគខាងជើងនៃប្រទេសអ៉ីតាលី៕