(ហ្កាហ្សា)៖ ក្រុមគ្រូពេទ្យក្នុងតំបន់ បាននិយាយនៅថ្ងៃសៅរ៍នេះថា ការវាយប្រហាររបស់យោធាអ៉ីស្រាអែល នៅទូទាំងតំបន់ហ្កាហ្សា បណ្តាលឱ្យមនុស្សចំនួន ៦១នាក់ទៀតស្លាប់ក្នុងរយៈពេល ៤៨ម៉ោងចុងក្រោយ ខណៈកងកម្លាំងអ៉ីស្រាអែលបន្តការវាយលុកជើងគោកប្រឆាំងក្រុមសកម្មប្រយុទ្ធនានាដឹកនាំដោយហាម៉ាសនៅទីនោះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី៧ ខែកញ្ញា ឆ្នាំ ២០២៤។
គ្រូពេទ្យនិយាយថា ការវាយប្រហារតាមអាកាសរបស់អ៉ីស្រាអែល ត្រូវចំបរិវេណសាលា Halima al-Sa'diyya ដែលជាជម្រកសម្រាន់ជនភៀសខ្លួន ក្នុងទីក្រុង Jabalia ដោយសម្លាប់មនុស្សយ៉ាងហោចចណាស់ ៨នាក់ និងរបួស ១៥នាក់។ យោធាអ៉ីស្រាអែលនិយាយថា ការវាយប្រហារនេះ កំណត់គោលដៅលើកន្លែងបញ្ជាការរបស់ក្រុមហាម៉ាស ដែលស្ថិតនៅក្នុងបរិវេណនោះ។
ដោយឡែកមនុស្ស ៥នាក់ទៀត ត្រូវបានសម្លាប់ក្នុងការវាយប្រហារចំផ្ទះមួយខ្នង នៅក្នុងទីក្រុងហ្កាហ្សា (Gaza City)។ ចលនាប្រដាប់អាវុធគាំទ្រហាម៉ាស់ ដូចជា ក្រុម Jihad និងក្រុម Fatah អះអាងថាបានប្រយុទ្ធជាមួយកងទ័ពអ៉ីស្រាអែលក្នុងទីក្រុងហ្កាហ្សា នៅភាគកណ្តាល និងភាគខាងត្បូង ដោយបាញ់គ្រាប់រ៉ុក្កែតប្រឆាំងរថក្រោះ និងកាំភ្លើងត្បាល់ ហើយក៏មានការបំផ្ទុះគ្រាប់បែកសំដៅទៅលើរថក្រោះ និងរថយន្តរបស់កងទ័ពផងដែរ។
គួរបញ្ជាក់ថា អ៉ីស្រាអែល វាបានចោទប្រកាន់ក្រុមហាម៉ាស់ថាប្រើប្រាស់ជនស៉ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៉ីវិលធ្វើជាខែលការពារខ្លួន ខណៈដែលក្រុមហាម៉ាសបដិសេធ៕