(មូស្គូ)៖ ក្រុមមន្ត្រីរុស្ស៉ី បានអះអាងថាប្រព័ន្ធការពារដែនអាកាសរុស្ស៉ី បានបាញ់ទម្លាក់ដ្រូនរបស់អ៊ុយក្រែនជាង ៧០គ្រឿង ពេញមួយយប់ថ្ងៃចន្ទ រហូតដល់ព្រឹកថ្ងៃអង្គារ ទី១០ ខែកញ្ញានេះ ក្នុងនោះរួមមានទាំងដ្រូន ១២គ្រឿងត្រូវបានបាញ់ទម្លាក់ក្នុងដែនអាកាសនៃតំបន់រដ្ឋធានីមូស្គូ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
តាមអភិបាលតំបន់ Bryansk លោក Aleksandr Bogomaz នៅក្នុងតំបន់ Bryansk ដែលស្ថិតនៅជាប់ព្រំដែនជាមួយអ៊ុយក្រែន មានដ្រូនសត្រូវ៥៩គ្រឿងត្រូវបានស្ទាក់ និងបាញ់កម្ទេចចោល ដោយមិនមានសេចក្ដីរាយការណ៍ពីការខូចខាត ឬអ្នកស្លាប់ និងរងរបួសនោះទេ។ ចំណែក ដ្រូន ១២គ្រឿងទៀត ក៏ត្រូវបានបាញ់ទម្លាក់នៅតំបន់រដ្ឋធានីមូស្គូផងដែរ តែមានក្មេងម្នាក់អាយុ ៩ឆ្នាំ បានស្លាប់។ ការវាយប្រហារដោយដ្រូននេះ បានបង្ខំឱ្យអាកាសយានដ្ឋានចំនួន៣ នៅជុំវិញរដ្ឋធានីមូស្គូ ផ្អាកជើងហោះហើរ ខណៈដ្រូន២គ្រឿងបន្ថែមត្រូវបានបាញ់កម្ទេចនៅតំបន់ Tula ស្ថិតនៅភាគខាងត្បូងរដ្ឋធានីមូស្គូ។
អ៊ុយក្រែន និងរុស្ស៉ីបានដឹកនាំការវាយប្រហារដោយដ្រូន ជាប្រចាំដាក់គ្នាទៅវិញទៅមក ក្នុងនោះកាលពីថ្ងៃសៅរ៍សប្ដាហ៍មុន អ៊ុយក្រែនបានអះអាងថាខ្លួនបានវាយប្រហារដោយប្រើដ្រូនបំផ្លាញ ឃ្លាំងអាវុធមួយកន្លែងក្នុងតំបន់ Voronezh របស់រុស្ស៉ី៕