(ស្តុកខុល)៖ រដ្ឋមន្រ្តីការពារជាតិនៃប្រទេសស៊ុយអែត លោក Pal Jonson បានប្រកាសកាលពីថ្ងៃចន្ទ ទី១០ ខែកញ្ញាថា ស៊ុយអែត នឹងបញ្ជូនកញ្ចប់ជំនួយទី១៧របស់ខ្លួន ទៅកាន់អ៊ុយក្រែន ជាមួយការគាំទ្រផ្នែកយោធាថ្មីទៀត គិតជាទឹកប្រាក់ចំនួន៤.៦ពាន់លានក្រោនស៊ុយអែត ស្មើនឹង៤៤៣លានដុល្លារអាមេរិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
កញ្ចប់ជំនួយយោធាថ្មីខាងលើ នឹងរួមមានគ្រាប់រំសេវសម្រាប់រថពាសដែកប្រយុទ្ធ ដែលស៊ុយអែតបានបរិច្ចាគរួចហើយ កាលពីពេលកន្លងមក ព្រមទាំងកាណូតប្រយុទ្ធ មីស៉ីល សម្លៀកបំពាក់យោធា និងមូលនិធិសម្រាប់គាំទ្រដល់ ការទិញបរិក្ខារយោធាផ្សេងៗទៀត។ ក្រៅពីនេះ ក៏មានសម្ភារសម្រាប់ជួយសម្រួល ដល់ការផ្ទេរយន្តហោះចម្បាំង Gripen នាពេលអនាគតផងដែរ ប៉ុន្តែការផ្ទេរនោះ នៅមិនទាន់ត្រូវបានសម្រេចជាផ្លូវការ នៅឡើយទេ។
គួរបញ្ជាក់ថា បើតាមលោក Jonson ស៊ុយអែតនឹងសម្រេចលើលទ្ធភាព នៃការបរិច្ចាគយន្តហោះចម្បាំង Gripen របស់ខ្លួន ឱ្យទៅអ៊ុយក្រែន នាដំណាក់កាលក្រោយៗទៀត។ រដ្ឋាភិបាលស៊ុយអែត ក៏បានចេញសេចក្តីថ្លែងការណ៍បញ្ជាក់ផងដែរថា សម្រាប់ឥឡូវ ការផ្ទេរយន្តហោះចម្បាំងនេះ ឱ្យអ៊ុយក្រែន មិនទាន់អាចកើតឡើងទៅបានឡើយ ដ្បិតវានឹងរំខានដល់ការចាប់ផ្តើមប្រើប្រាស់ យន្តហោះចម្បាំងផលិតដោយអាមេរិក គឺ F-16 នៅអ៊ុយក្រែន៕