(ហាណូយ)៖ ក្នុងការធ្វើបច្ចុប្បន្នភាពចុងក្រោយបង្អស់នៃស្ថានការណ៍ ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយនៅប្រទេសវៀតណាម បាននិយាយនៅថ្ងៃអង្គារនេះថា គ្រោះទឹកជំនន់ និងរអិលបាក់ដី ដែលបង្កឡើងដោយព្យុះទីហ្វុងកំណាច Yagi បានបន្តផ្តាច់ជីវិតមនុស្សសរុបកើនដល់ យ៉ាងហោច៨២នាក់ ខណៈ៦៤នាក់ទៀតបាត់ខ្លួន និង៧៥២នាក់រងរបួស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី១០ ខែកញ្ញា ឆ្នាំ២០២៤។
តំបន់ភាគខាងជើងប្រទេសវៀតណាម រួមទាំងរដ្ឋធានីហាណូយ ត្រូវបានរំពឹងថា នឹងបន្តប្រឈមការជន់លិចធ្ងន់ធ្ងរ។ ទល់ពេលនេះ ទឹកជំនន់បានជន់លិចផ្ទៃដី១៤៨,៦០០ហិកតា ឬស្មើនឹងជិត៧ភាគរយ នៃវាលស្រែទាំងអស់ នៅភាគខាងជើងវៀតណាម ព្រមទាំងផ្ទៃដីដំណាំសម្រាប់លក់យកប្រាក់ ២៦,១០០ហិកតា ហើយបង្កការខូចខាតចំពោះលំនៅដ្ឋាន រហូតដល់ជិត៥០,០០០ខ្នង។
កាលពីថ្ងៃចន្ទសប្តាហ៍នេះ ស្ពានឆ្លងទន្លេមួយខ្សែ បានបាក់នៅខេត្ត Phu Tho ដែលបន្សល់ទុកមនុស្ស៨នាក់ នៅបន្តបាត់ខ្លួន ហើយជាហេតុជំរុញឱ្យអាជ្ញាធរហាមឃាត់ស្រុង ឬរឹតត្បិតការធ្វើចរាចរណ៍ នៅលើស្ពានដទៃទៀត ដែលឆ្លងទន្លេដូចគ្នានោះ រួមមានទាំងស្ពាន Chuong Duong ដែលជាស្ពានធំបំផុតមួយ នៅទីក្រុងហាណូយ។
គួរបញ្ជាក់ថា ព្យុះទីហ្វុង Yagi បានបោកបក់ដល់ឆ្នេរភាគឦសានប្រទេសវៀតណាម កាលពីថ្ងៃសៅរ៍សប្តាហ៍កន្លងទៅ ដោយបាននាំមកជាមួយ នូវភ្លៀងធ្លាក់យ៉ាងខ្លាំងក្លា ដែលបង្កជាគ្រោះទឹកជំនន់ និងគ្រោះរអិលបាក់ដី។ មុនមកដល់វៀតណាម ព្យុះនេះបានវាយប្រហារលើប្រទេសហ្វីលីពីន និងកោះ Hainan នៃភាគខាងត្បូងប្រទេសចិន ហើយក៏បានឆក់យកជីវិតមនុស្សមួយចំនួន ផងដែរ៕