(កៀវ)៖ ទីក្រុងកៀវ បានប្រកាសកាលពីថ្ងៃអង្គារសប្តាហ៍នេះថា ខ្លួនអាចកាត់ផ្តាច់ទំនាក់ទំនងជាមួយទីក្រុងតេហេរ៉ង់ ប្រសិនបើរុស្ស៉ីប្រើប្រាស់មីស៉លបាលិស្ទីគផ្គត់ផ្គង់ពីអ៉ីរ៉ង់ មកវាយប្រហារលើអ៊ុយក្រែន ហើយចាត់ទុកការផ្តល់អាវុធបៀបនេះ ជារឿងមិនអាចទទួលយកបាន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១១ ខែកញ្ញា ឆ្នាំ ២០២៤។
ថ្មីៗនេះ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Antony Blinken និយាយថា រុស្ស៉ីទទួលបានមីស៉ីលពីអ៊ីរ៉ង់ ក្នុងចន្លោះពេលនៃសង្រ្គាមជិត ៣ឆ្នាំរបស់រុស្ស៉ីនៅអ៊ុយក្រែន ហើយទីក្រុងមូស្គូអាចនឹងប្រើប្រាស់អាវុធប្រភេទនោះ នៅប៉ុន្មានសប្តាហ៍ខាងមុខ។ ប៉ុន្តែអ៉ីរ៉ង់ច្រានចោលនូវការចោទប្រកាន់នេះ។ នៅពេលត្រូវបានសាកសួរអំពីលទ្ធភាព កាត់ផ្តាច់ទំនាក់ទំនងជាមួយទីក្រុងតេហេរ៉ង់ អ្នកនាំពាក្យក្រសួងការបរទេសអ៊ុយក្រែន លោក Heorhiy Tykhyi គូសបញ្ជាក់ថា «ឥលូវនេះ ខ្ញុំមិននិយាយឱ្យច្បាស់ទេ ពីអត្ថន័យនៃផលវិបាកដ៏អាក្រក់មួយ ដើម្បីកុំឱ្យប៉ះពាល់ដល់គោលជំហរការទូត។ ប៉ុន្តែខ្ញុំអាចនិយាយបានថា ជម្រើសទាំងអស់ រួមទាំងអ្វីដែលបានសួរនាពេលនេះ គឺមាននៅលើតុពិចារណា»។
គួរបញ្ជាក់ថា បន្ទាប់ពីមានសេចក្តីរាយការណ៍ជាបន្តបន្ទាប់ អំពីការបញ្ជូនអាវុធរបស់អ៉ីរ៉ង់ទៅរុស្ស៉ី ប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេលេនស្គី បានសន្យាថានឹងស្វែងរកសម្របសម្រួល ដើម្បីការឆ្លើយតបឱ្យបានខ្លាំងក្លា នៅទូទាំងពិភពលោក ចំពោះអំណាចណាមួយដែលជួយដល់រុស្ស៉ី និងលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន៕