(សេអ៊ូល)៖ យោធាកូរ៉េខាងត្បូង បានឱ្យដឹងថាកូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីលបាលិស្ទីគរយៈចម្ងាយខ្លីជាច្រើនគ្រាប់ ចូលក្នុងសមុទ្រស្ថិតនៅភាគខាងកើតនៃឧបទ្វីបកូរ៉េ នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែកញ្ញានេះ ដែលនេះជាការធ្វើតេស្ដមីស៊ីលជាលើកដំបូងក្នុងរយៈពេល២ខែ និងកើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយកូរ៉េខាងជើងប្រារព្ធខួបបង្កើតប្រទេស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូង បានបញ្ជាក់ថាខ្លួនចាប់បានសញ្ញាបាញ់មីស៊ីលបាលិស្ទីគរយៈចម្ងាយខ្លីជាច្រើនគ្រាប់ ឆ្ពោះទៅកាន់សមុទ្រខាងកើត នៅម៉ោង៧៖១០នាទី ថ្ងៃព្រហស្បតិ៍នេះ ចេញពីទីក្រុងព្យុងយ៉ាង ហើយកំពុងធ្វើការវិភាគ និងចែករំលែកព័ត៌មានយ៉ាងជិតស្និទ្ធពាក់ព័ន្ធនឹងការធ្វើតេស្ដមីស៊ីលរបស់កូរ៉េខាងជើង ជាមួយសហរដ្ឋអាមេរិក និងជប៉ុន ខណៈកំពុងពង្រឹងការតាមដាន និងការប្រុងប្រយ័ត្ន ដើម្បីត្រៀមលក្ខណៈសម្រាប់ការធ្វើតេស្ដថ្មីណាមួយបន្ថែមទៀត។

ក្រសួងការពារជាតិជប៉ុន ក៏បានទទួលស្គាល់ពីការធ្វើតេស្ដមីស៊ីលរបស់កូរ៉េខាងជើងផងដែរ តែបញ្ជាក់ថាទីក្រុងព្យុងយ៉ាងបានបាញ់មីស៊ីលបាលិស្ទីគមួយគ្រាប់។

គួរបញ្ជាក់ថា នេះគឺជាការធ្វើតេស្ដមីស៊ីលលើកដំបូងបំផុតរបស់កូរ៉េខាងជើង គិតចាប់តាំងពីថ្ងៃទី១ ខែកក្កដាមក។ កូរ៉េខាងជើងតែងតែធ្វើតេស្ដបាញ់មីស៊ីលជាប្រចាំនៅរង្វង់ថ្ងៃទី៩ ខែកញ្ញា ជារៀងរាល់ឆ្នាំ ដែលត្រូវជាថ្ងៃខួបបង្កើតប្រទេស ក្នុងនោះរួមមានទាំងការធ្វើតេស្តនុយក្លេអ៊ែរជាលើកទី៥ ក្នុងថ្ងៃដដែលនោះកាលពីឆ្នាំ២០១៦។ រហូតដល់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ កូរ៉េខាងជើងបានធ្វើតេស្ដអាវុធនុយក្លេអ៊ែរលើកទី៦៕