(ហាណូយ)៖ អាជ្ញាធរវៀតណាម ក្នុងរដ្ឋធានីហាណូយ បានជម្លៀសមនុស្សរាប់ពាន់នាក់ដែលរស់នៅក្បែរទន្លេក្រហម ខណៈកម្រិតទឹកទន្លេនេះបានហក់ឡើងខ្ពស់ដល់កម្រិតប្រកាសអាសន្ន មិនធ្លាប់មានក្នុងរយៈពេល២០ឆ្នាំ បង្កជាទឹកជំនន់ជន់លិចផ្ទះ និងផ្លូវ ក្រោយព្យុះទីហ្វុង Yagi វាយប្រហារលើតំបន់ភាគខាងជើងនៃប្រទេសដោយសម្លាប់មនុស្សយ៉ាងហោច ១៧៩នាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

Yagi ដែលជាព្យុះទីហ្វុងកំណាចបំផុតមួយក្នុងតំបន់អាស៊ី នៅឆ្នាំនេះបានបក់បោកលើតំបន់ភាគខាងជើងវៀតណាម ដោយនាំមកជាមួយនូវខ្យល់ និងភ្លៀងធ្លាក់យ៉ាងខ្លាំងកាលពីថ្ងៃសៅរ៍ សប្ដាហ៍មុន រហូតបណ្ដាលឱ្យស្ពានមួយបាក់ចូលទន្លេ និងគ្រោះរអិលបាក់ រួមទាំងទឹកជំនន់ផងដែរ។ បើតាមរដ្ឋាភិបាលវៀតណាម ចំនួនអ្នកស្លាប់ក្នុងគ្រោះទឹកជំនន់ និងរអិលបាក់ដី បង្កឡើង ដោយសារព្យុះ Yagi បានកើនដល់ ១៧៩នាក់ និង១៤៥នាក់កំពុងបាត់ខ្លួន។

ក្រុមហ៊ុនអគ្គិសនីរដ្ឋវៀតណាម EVN កាលពីថ្ងៃពុធ បាននិយាយថាខ្លួនបានកាត់ផ្ដាច់ចរន្តអគ្គិសនីនៅតាមតំបន់មួយចំនួននៃរដ្ឋធានីហាណូយ ដែលកំពុងរងគ្រោះដោយសារទឹកជំនន់ ក្រោមហេតុផលសុវត្ថិភាព។

គួរបញ្ជាក់ថា សាលារៀនមួយចំនួន ក្នុងរដ្ឋធានីហាណូយ បានប្រាប់ឱ្យសិស្សស្នាក់នៅក្នុងផ្ទះពេញមួយសប្ដាហ៍នេះ ដោយសារតែបារម្ភពីគ្រោះទឹកជំនន់ ស្របពេលប្រជាជន រាប់ពាន់នាក់ដែលកំពុងរស់នៅតំបន់ទំនាបត្រូវបានជម្លៀស៕