(ព្យុងយ៉ាង)៖ កូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លីជាច្រើនគ្រាប់ចេញពីឆ្នេរសមុទ្រភាគខាងកើតរបស់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍ ដែលជាសកម្មភាពបាញ់បង្ហោះលើកដំបូងក្នុងរយៈពេលជាងពីរខែ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤។

យោធាកូរ៉េខាងត្បូងបានឱ្យដឹងថា មីស៊ីលទាំងនោះត្រូវបានបាញ់ចេញពីទីក្រុងព្យុងយ៉ាង នៅម៉ោងប្រហែល ៧៖១០នាទីព្រឹក ថ្ងៃព្រហស្បតិ៍ ម៉ោងនៅកូរ៉េខាងត្បូង ហើយបានហោះប្រហែល ៣៦០ គីឡូម៉ែត្រ មុនធ្លាក់ចូលសមុទ្រ។ ចំនួនមីស៊ីលដែលបានបាញ់មិនត្រូវបានបញ្ជាក់នោះទេ។

កូរ៉េខាងត្បូង ជប៉ុន និងសហរដ្ឋអាមេរិក បានថ្កោលទោសយ៉ាងខ្លាំងចំពោះការបាញ់មីស៊ីលនេះ ដោយចាត់ទុកថាជាការបង្កហេតុ និងការរំលោភលើដំណោះស្រាយរបស់អង្គការសហប្រជាជាតិ។ បណ្តាប្រទេសទាំងបីក៏បានសន្យាថានឹងឆ្លើយតបទៅនឹងការបង្កហេតុណាមួយរបស់កូរ៉េខាងជើង និងបន្តខិតខំប្រឹងប្រែងសម្រាប់ការត្រួតពិនិត្យ និងកិច្ចសហប្រតិបត្តិការ។

ការបាញ់បង្ហោះនេះបានកើតឡើងបន្ទាប់ពីមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានសន្យាថានឹងផលិតអាវុធនុយក្លេអែរបន្ថែម និងធានាថា ពួកវាត្រៀមរួចរាល់សម្រាប់ប្រើប្រាស់។ លោក គីម ក៏បានត្រួតពិនិត្យការសាកល្បងនៃប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែត និង «យន្តហោះគ្មានមនុស្សបើកធ្វើអត្តឃាត» ថ្មី និងបានអំពាវនាវឱ្យមានការអភិវឌ្ឍន៍បញ្ញាសិប្បនិម្មិតសម្រាប់យានយន្តគ្មានមនុស្សបើក៕