(សេអ៊ូល)៖ កូរ៉េខាងជើង នៅថ្ងៃសុក្រ ទី១៣ ខែកញ្ញានេះ បានចេញផ្សាយរូបភាពរោងចក្រចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមមួយកន្លែងជាលើកដំបូងបំផុត អំឡុង ដំណើរទស្សនរបស់លោក គីម ជុងអ៊ុន ដែលបានអំពាវនាវឱ្យផលិតម៉ាស៊ីន centrifuges ថ្មីៗ ដើម្បីបង្កើនការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមសម្រាប់ផលិតគ្រាប់បែក នុយក្លេអ៊ែរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

រូបភាពរោងចក្រចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមខាងលើ ត្រូវបានចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA ដែលបង្ហាញពីសកម្មភាពលោក គីម ជុងអ៊ុន ចុះត្រួតពិនិត្យម៉ាស៊ីន centrifuges ដែលជាម៉ាស៊ីនដើរតួនាទីយ៉ាងសំខាន់ក្នុងការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម។ KCNA មិនបានបញ្ជាក់ឱ្យដឹងថាដំណើរទស្សនកិច្ច របស់លោក គីម ធ្វើឡើងនៅពេលណា ហើយក៏មិនបានបង្ហើបពីទីតាំងរោងចក្រចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមនោះដែរ។

ប៉ុន្តែ តាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងមួយនេះ លោក គីម ជុងអ៊ុន បានជំរុញឱ្យកម្មករប្រឹងប្រែងផលិតបន្ថែមនូវសម្ភារៈសម្រាប់ផលិតអាវុធនុយក្លេអ៊ែរ ដោយ និយាយថាឃ្លាំងអាវុធនុយក្លេអ៊ែរគឺជាមធ្យោបាយដ៏សំខាន់បំផុត ដើម្បីប្រឈមមុខនឹងការគំរាមកំហែងពីសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់អាមេរិក។

គួរបញ្ជាក់ថា សេចក្ដីរាយការណ៍ពីដំណើរទស្សនកិច្ចរបស់លោក គីម ជុងអ៊ុន ទៅកាន់រោងចក្រចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម អមជាមួយការចេញផ្សាយរូបភាពបែបនេះ ជាកម្រជាទីបំផុត ខណៈកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងព្យុងយ៉ាងត្រូវបានហាមឃាត់នៅក្រោមដំណោះស្រាយជាច្រើនរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ៕