(កៀវ)៖ អ៊ុយក្រែន បានចោទប្រកាន់រុស្ស៉ីកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា ប្រើប្រាស់យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្រ្ត ដើម្បីវាយប្រហារនាវាដឹកគ្រាប់ធញ្ញជាតិស៉ីវិល ក្នុងដែនទឹកសមុទ្រខ្មៅ នៅក្បែរប្រទេសរ៉ូម៉ានី ដែលជាសមាជិករបស់អង្គការណាតូ (NATO)។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៣ ខែកញ្ញា ឆ្នាំ ២០២៤។

ប្រធានាធិបតី លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី និយាយថា នាវាដឹកគ្រាប់ធម្មជាតិរបស់អ៊ុយក្រែន ឆ្ពោះទៅកាន់ប្រទេសអេហ្ស៉ីប ត្រូវបានវាយប្រហារដោយមីស៉ីល ក្រោយពេលចេញផុតពីដែនទឹកអ៊ុយក្រែន ប៉ុន្តែពុំបង្កជាគ្រោះថ្នាក់នោះទេ។ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអ៊ុយក្រែន បានថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហារនោះ ហើយថារុស្ស៉ីត្រូវតែទទួលខុសត្រូវ។ ដោយឡែក អ្នកនាំពាក្យម្នាក់របស់អង្គការសហប្រជាជាតិនិយាយថា ឧប្បត្តិហេតុនេះបានរំលឹកដល់ការគំរាមកំហែង ដែលនៅតែមានក្នុងសមុទ្រខ្មៅ មកលើនាវាស៉ីវិល។ ភ្លាមៗ នៅមិនទាន់មានការឆ្លើយតបពីរុស្ស៉ីទេ។

គួរបញ្ជាក់ថា យោងទិន្នន័យតាមដានកប៉ាល់ ទីតាំងដែលបានរាយការណ៍ចុងក្រោយនៃនាវានោះ គឺចេញពីកំពង់ផែ Constanta ប្រទេសរ៉ូម៉ានី។ អ្នកគ្រប់គ្រងនាវា VRS Maritime Services ដែលមានមូលដ្ឋាននៅទីក្រុង Athens ប្រទេសក្រិក មិនទាន់អាចទាក់ទង ដើម្បីសុំការអត្ថាធិប្បាយបាននៅឡើយទេ។

លោក Dmytro Pletenchuk អ្នក​នាំពាក្យ​កង​ទ័ព​ជើង​ទឹក​អ៊ុយក្រែន​ បាន​ប្រាប់ Reuters ថា នាវា​នេះ​ស្ថិត​​ក្នុង​តំបន់​សេដ្ឋកិច្ច​ដែន​សមុទ្រ​នៃ​ប្រទេស​រ៉ូម៉ានី។ ប៉ុន្តែ អាជ្ញាធរកងទ័ពជើងទឹករ៉ូម៉ានី និយាយថា នាវានេះមិនបានស្ថិតនៅក្នុងដែនទឹករបស់ខ្លួនទេ ដូច្នេះមិនអាចស្នើសុំជំនួយតាមមធ្យោបាយណាមួយឡើយ៕